Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ៖ ការវិនិយោគលើការអប់រំកុមារតូច ជាគ្រឹះសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ

បានផុស

នៅ

លោកស្រី គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំទៅលើកុមារតូច នឹងជួយត្រៀមលក្ខណៈសម្បត្តិឱ្យកុមារចូលរៀនកម្រិតបឋមសិក្សាប្រកបដោយជោគជ័យ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ដែលជាគ្រឹះសំខាន់ក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍបំណិនមូលដ្ឋានរបស់កុមារតូចតាមរយៈបច្ចេកវិទ្យា (NEST) កាលពីថ្ងៃទី២១ឧសភា លោកស្រី គឹម សេដ្ឋានី គូសបញ្ជាក់ថា ការវិនិយោគលើការអប់រំកុមារតូច គឺយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការកសាងគ្រឹះធនធានមនុស្សដ៏រឹងមាំសម្រាប់អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។

លោកស្រី បានបន្តថាសាលាមត្តេយ្យសិក្សា មិនមែនគ្រាន់តែជាកន្លែងដែលកុមារមកទន្ទេញអក្សរ មករាប់លេខ ឬមកច្រៀងលេងប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានដ៏មានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃជីវិត ទាំងផ្នែកបញ្ញាស្មារតី រាងកាយ ការគិតវិចារណញ្ញាណ និងសីលធម៌សង្គម ស្របពេលដែលការអប់រំ និងគាំពារកុមារតូចក្នុងរយៈពេល ១០០០ ថ្ងៃដំបូង គឺជាកត្តាគាំទ្រដ៏សំខាន់ ជំរុញដល់កោសិកាខួរក្បាលរបស់កុមារ ដែលមានការលូតលាស់លឿនបំផុតរហូតដល់ទៅ ៨០% ក្នុងរយៈពេល៣ឆ្នាំដំបូង។

នាពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការដៃគូរួមមាន លោក ណាហ្គាសិ ខេនស៊ុកិ ឧបទូត និងជាអនុប្រធានបេសកកម្មការទូតជប៉ុនប្រចាំកម្ពុជា, លោក CRISTIAN AEDO នាយកផ្នែកអប់រំប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក និង លោកស្រី យ៉ាម៉ាម៉ូតូ អេរិ អគ្គលេខាធិការប្រចាំប្រទេសជប៉ុននៃអង្គការសន្តិស្ម័គ្រចិត្ត។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ព្រមទាំងរដ្ឋាភិបាលជប៉ុន ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រយ៉ាងសកម្មលើគ្រប់វិធានការកំណែទម្រង់ការអប់រំ ដើម្បីលើកកម្ពស់គុណភាព និរន្តរភាព និងសមធម៌។

ជាមួយគ្នានេះ លោកស្រីបានកោតសរសើរ និងអបអរសាទរចំពោះ អង្គការសន្តិស្ម័គ្រចិត្ត (SVA) ដែលបានទទួលហិរញ្ញប្បទានឥតសំណងនេះ និងបានសហការយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានអប់រំកុមារតូច និងអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ ដើម្បីបង្កើតឱ្យមានគម្រោងដ៏មានអត្ថន័យនេះឡើង។

លោកស្រី គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថា អង្គការសន្តិស្ម័គ្រចិត្ត (SVA) នាយកដ្ឋានអប់រំកុមារតូច និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាកសាងកិច្ចសហការនេះឱ្យទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ និងជាពន្លឺអនាគតសម្រាប់កុមារកម្ពុជាគ្រប់រូប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម