ព័ត៌មានជាតិ
ប្រាសាទឃ្លាំង ៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ
ស្ថិតនៅខាងក្រោយ «ប្រាសាទសួរព្រ័ត» និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង «ប្រាសាទឃ្លាំង» គឺជាសំណង់ថ្មភក់ភ្លោះដ៏វិចិត្រ ដែលឈរអមសងខាងផ្លូវឆ្ពោះទៅកាន់ទ្វារជ័យ នៃក្រុងអង្គរធំ។ សំណង់ប្រាសាទដ៏វិចិត្រទាំងពីរនេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុង បើទោះបីជាត្រូវបានកសាងឡើងក្នុងរជ្ជកាលខុសគ្នាក៏ដោយ។

ប្រាសាទឃ្លាំងខាងជើង កសាងនៅចុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវម៌ទី៥ និងផ្តួចផ្តើមកសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌ទី២។ ដំបូងឡើយ សំណង់នេះប្រហែលជាមានដំបូលធ្វើពីឈើ ប៉ុន្តែក្រោយមក ត្រូវបានរុះរើ និងសាងសង់ជំនួសដោយថ្មភក់វិញ យ៉ាងរឹងមាំ។ចំណែកប្រាសាទឃ្លាំងខាងត្បូងវិញ កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើង ប៉ុន្តែមានទំហំតូចជាងបន្តិច។

សំណង់ទាំងពីរនេះ ត្រូវបានចាត់ទុកថា ជាដើមកំណើតនៃ “រចនាបថឃ្លាំង” ដែលជារចនាបថសិល្បៈដ៏ល្បីក្នុងសម័យអង្គរ ហើយមានឥទ្ធិពលទៅលើសំណង់សំខាន់ៗជាច្រើន ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។
លើសពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំង មិនគ្រាន់តែជាសំណង់សាសនានោះទេ ក៏ជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់មួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។

ភស្តុតាងទី១ គឺ ផែនទីដីធ្លីចារលើថ្ម (ប្រាសាទឃ្លាំងខាងជើង) ដែលត្រូវបានចារនៅលើមេបង្អួចមួយ ជា “ផែនទីដីធ្លី” ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ មានអាយុកាលជាង១០០០ឆ្នាំ និងត្រូវបានគេចាត់ទុកថា ជាភស្តុតាងដ៏កម្របំផុតមួយ និងមានតម្លៃមហាសាល ដែលបង្ហាញថា ចក្រភពខ្មែរសម័យអង្គរ មានប្រព័ន្ធគ្រប់គ្រង និងចុះបញ្ជីកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។
ភស្តុតាងទី២ គឺសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K.292) ដែលចារនៅលើមេទ្វារ នៃប្រាសាទឃ្លាំងខាងត្បូង។ សិលាចារឹកនេះ បង្ហាញពីពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ ចំនួន ៤០០នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព។ ខ្លឹមសារសំខាន់នៃពាក្យសម្បថនោះ មានសេចក្តីថា «ក្រុមមន្ត្រីទាំងអស់ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ព្រះបាទសូរ្យវម៌ទី១ ដោយសន្យាថា នឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះនឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង ជាដើម»។
ភស្តុតាងទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចក្រភពអង្គរ មិនត្រឹមតែខ្លាំងផ្នែកស្ថាបត្យកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកណ្តាលដ៏រឹងមាំ មានច្បាប់ វិន័យ និងរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាង មានរបៀបរៀបរយ ដែលជាគ្រឹះសំខាន់នាំឱ្យអាណាចក្រខ្មែរឈានដល់កំពូល នៃភាពរុងរឿងក្នុងប្រវត្តិសាស្ត្រ៕
ប្រភពខ្លឹមសារអត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ សឿន ប៊ុនស៊រ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


