Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចិននៅតែប្ដេជ្ញាចិត្តជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរីកចម្រើន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅភ្នំពេញ លោក វ៉ាង វិនពីន បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន តាមរយៈការកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងពេលធ្វើជាសហអធិបតីជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធរោងចក្រផលិត និងកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ឯខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធនេះថា ភាគីចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដូចដែលធ្លាប់បានធ្វើកន្លងមក ហើយចិនត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញការផ្សារភ្ជាប់យុទ្ធសាស្ត្រជាមួយភាគីកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញក្រុមហ៊ុនចិន ដែលមានសក្កានុពលខ្លាំង និងទំនើបៗកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងការកៀរគរវិនិយោគិន លោក វ៉ាង វិនពីន ក៏បានរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្ដល់នូវបរិយាកាសធុរកិច្ចដ៏ល្អប្រសើរសម្រាប់សហគ្រាសចិននៅកម្ពុជា ហើយដោយឡែកសហគ្រាសចិននៅកម្ពុជា លោកក៏រំពឹងថា នឹងចាក់ឬសយ៉ាងរឹងមាំ និងគោរពច្បាប់ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម ក្នុងទំនួលខុសត្រូវសង្គម ដើម្បីធ្វើជាអ្នកជំរុញនូវកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងចិន ក៏ដូចជាការលើកកម្ពស់ការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

«ក្នុងនាមជាមិត្តដែកថែប ដែលរួមសុខរួមទុក្ខ និងមានជោគវាសនារួមគ្នា ភាគីចិន​ នឹងបន្តគាំទ្រយ៉ាងរឹងមាំជានិច្ចដល់កម្ពុជា និងជាដៃគូដ៏គួរឱ្យជឿទុកចិត្តជាមួយគ្នា»។ លោកឯកអគ្គរដ្ឋទូតចិនបន្ថែមបែបនេះ។

សម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិត និងកែច្នៃកៅស៊ូ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិនពេលនេះ ​លោក ថា បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រស់រវើករវាងកម្ពុជា និងចិន ស្របជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាវិនិយោគិនចិន ដែលតែងតែបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ តាមរយៈការផ្ដល់សម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស រួមទាំងការដាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា។ ជាក់ស្ដែង ការសម្រេចវិនិយោគរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្នុងការបើករោងចក្រផលិតកែច្នៃជ័រកៅស៊ូ នៅក្នុងខេត្តត្បូងឃ្មុំ សម្ដេច ថា បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនចិនមកលើបរិយាកាសធុរកិច្ចដ៏អំណោយផលរបស់កម្ពុជា។

ក្រុមហ៊ុន ​គីមស៍ រ៉ាប់ប៊ើរ ​បានបោះទុនវិនិយោគ​ក្នុងទំហំទឹកប្រាក់ខ្ទង់៣០លានដុល្លារ ក្នុងការ​សាងសង់​រោងចក្រផលិតកែច្នៃជ័រកៅស៊ូ ​នៅ​លើ​ផ្ទៃដីជិត១៥ហិកតា ក្នុងខេត្តត្បូងឃ្មុំ ​និង​មានសមត្ថភាពផលិត​ជ័រកៅស៊ូ១០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងផ្ដល់ការងារផ្ទាល់ប្រមាណ៣០០កន្លែង និងការងារ​ប្រយោល​ប្រមាណជាង៥ម៉ឺននាក់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម