ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក ត្រាំ បង្ខំឱ្យបណ្តាប្រទេសមជ្ឈិមបូព៌ាចុះ «កិច្ចព្រមព្រៀង Abraham» ជាកំហិត?
ការចរចាដ៏ស្មុគស្មាញ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅមជ្ឈិមបូព៌ា បានឈានដល់របត់ថ្មីមួយទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាចំហកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា លោកចង់ឱ្យបណ្តាប្រទេសមជ្ឈិមបូព៌ា និងប្រទេសកាន់សាសនាឥស្លាមធំៗ ចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង Abraham» (Abraham Accords) ជាកំហិត ដើម្បីជាថ្នូរនឹងការចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP)។

កិច្ចព្រមព្រៀង Abraham នេះ គឺជាក្របខ័ណ្ឌការទូត ដែលត្រូវបានបង្កើតឡើងដំបូង នៅក្នុងអាណត្តិទីមួយរបស់លោក ត្រាំ កាលពីឆ្នាំ២០២០ ក្នុងគោលបំណងបង្កើតទំនាក់ទំនងការទូតជាប្រក្រតីឡើងវិញ រវាងប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលកាលនោះមានសហអារ៉ាប់រួម (UAE) បារ៉ែន ម៉ារ៉ុក និងស៊ូដង់ ជាអ្នកចាប់ផ្តើមដំបូង។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា បន្ទាប់ពីលោកបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា ប៉ាគីស្ថាន តួកគី អេហ្ស៊ីប ស៊ូដង់ និងបារ៉ែន លោកយល់ថា វា «គួរតែជាកំហិត» ដែលប្រទេសទាំងនេះ ត្រូវតែចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល។ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ បាននាំមកនូវការរីកចម្រើនយ៉ាងខ្លាំង ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គម ដល់ប្រទេសដែលបានចូលរួម។ សារព័ត៌មាន The Times of Israel បានរាយការណ៍បន្ថែមថា លោក ត្រាំ ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងកាតា ចុះហត្ថលេខាភ្លាមៗ ហើយប្រទេសដទៃទៀត ត្រូវតែធ្វើតាម ប្រសិនបើចង់ក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់។
ការសម្រាលសម្ពាធនយោបាយក្នុងស្រុក និងការលួងចិត្តអ៊ីស្រាអែល
អ្នកវិភាគជាច្រើន បានលើកឡើងថា មូលហេតុចម្បងដែលលោក ត្រាំ ព្យាយាមផ្សារភ្ជាប់កិច្ចព្រមព្រៀង Abraham ទៅនឹងការចរចាជាមួយអ៊ីរ៉ង់ គឺដើម្បីដោះស្រាយបញ្ហានយោបាយផ្ទាល់ខ្លួន និងដើម្បីការពារផលប្រយោជន៍របស់អ៊ីស្រាអែល។ លោកបណ្ឌិត James M. Dorsey អ្នកជំនាញជាន់ខ្ពស់មកពីសាលាការសិក្សាអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang បានពន្យល់ប្រាប់សារព័ត៌មាន Channel NewsAsia (CNA) ថា រាល់កិច្ចព្រមព្រៀងណាមួយ ដែលលោក ត្រាំ ធ្វើឡើងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ប្រាកដជានឹងមិនធ្វើឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឬក្រុមអ្នកនយោបាយស្តាំនិយមអាមេរិកពេញចិត្តនោះទេ។ ដូច្នេះ ការបង្ខំឱ្យបណ្តាប្រទេសអារ៉ាប់ទទួលស្គាល់អ៊ីស្រាអែល គឺជាយុទ្ធសាស្ត្រមួយ ដើម្បី «លួងចិត្ត» អ៊ីស្រាអែល និងដើម្បីផ្គាប់ចិត្តក្រុមអ្នកគាំទ្រចលនា Make America Great Again (MAGA) របស់លោក នៅក្នុងទឹកដីអាមេរិក។
បន្ថែមលើនេះ លោក Ali Vaez នាយកគម្រោងអ៊ីរ៉ង់នៃអង្គការ International Crisis Group បានលើកឡើងក្នុងរបាយការណ៍របស់ CNA ថា «លោក ត្រាំ កំពុងព្យាយាមលក់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឱ្យទៅជាវគ្គបន្តនៃកិច្ចព្រមព្រៀង Abraham ដែលវាផ្តល់ផលល្អ សម្រាប់អ៊ីស្រាអែល ល្អសម្រាប់តំបន់ និងបង្ហាញពីភាពរឹងមាំរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន»។
ផលប្រយោជន៍សេដ្ឋកិច្ច និងការបង្កើតប្លុកសន្តិសុខថ្មី
ក្រៅពីហេតុផលនយោបាយ កិច្ចព្រមព្រៀង Abraham ក៏ជាឧបករណ៍សេដ្ឋកិច្ចដ៏មានឥទ្ធិពលផងដែរ។ ទិន្នន័យពីវិទ្យាស្ថានសន្តិភាពនៃកិច្ចព្រមព្រៀង Abraham (Abraham Accords Peace Institute) ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA បានបង្ហាញថា ពាណិជ្ជកម្មរវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងរហូតដល់ ២៣៤ភាគរយ គិតត្រឹមរយៈពេលប៉ុន្មានឆ្នាំដំបូង បន្ទាប់ពីការចុះហត្ថលេខា។ លោក ត្រាំ មើលឃើញថា ប្រសិនបើប្លុកនេះអាចពង្រីកធំជាងមុន វាជួយឱ្យតំបន់មជ្ឈិមបូព៌ាក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏រឹងមាំមួយ ដែលអាចកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស និងបង្កើតស្ថិរភាពយូរអង្វែង។
ជាងនេះទៅទៀត សម្រាប់បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ទោះបីជាពួកគេមានភាពរារែកក៏ដោយ ក៏ពួកគេមិនមានជម្រើសច្រើនឡើយ ក្នុងការស្វែងរកខែលការពារសន្តិសុខ។ មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានសមត្ថភាព និងឆន្ទៈ ក្នុងការផ្តល់ខែលការពារផ្នែកយោធាប្រឆាំងនឹងការគំរាមកំហែងនានា ទោះបីជាខែលការពារនោះពេលខ្លះត្រូវបានមើលឃើញថាជា «ដាវមុខពីរ» ដោយសារតែសម្ពាធនយោបាយពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
ឧបសគ្គ និងការប្រឆាំងពីបណ្តាប្រទេសក្នុងតំបន់
យ៉ាងណាមិញ ក្តីស្រមៃរបស់លោក ត្រាំ ក្នុងការបង្កើតសម្ព័ន្ធភាពដ៏ធំនេះ កំពុងជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំង។ សារព័ត៌មាន TIME បានវិភាគថា គំនិតផ្តួចផ្តើមនេះ នឹងត្រូវប្រឈមមុខនឹងការរុញច្រានពីសំណាក់ប្រជាជននៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែកិច្ចព្រមព្រៀង Abraham ពីមុនមក មិនបានដោះស្រាយបញ្ហាស្នូលនៃជម្លោះប៉ាឡេស្ទីនឡើយ។ ការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា និងលីបង់ នាពេលថ្មីៗនេះ រឹតតែធ្វើឱ្យមតិសាធារណៈជនអារ៉ាប់មិនពេញចិត្តនឹងការផ្សះផ្សាជាមួយអ៊ីស្រាអែល។
ឧទាហរណ៍ជាក់ស្តែង ដូចជា ប្រទេសប៉ាគីស្ថាន ដែលជាប្រទេសកាត់សាសនាឥស្លាមដ៏ធំមួយ ក៏កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of India រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា ប៉ាគីស្ថានមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្គាល់ប្រទេសអ៊ីស្រាអែលនោះទេ លុះត្រាតែមានការទទួលយក «ដំណោះស្រាយរដ្ឋពីរ» (Two-State Solution) ដែលអនុញ្ញាតឱ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី។
សរុបមក ការដែលលោក ដូណាល់ ត្រាំ ចង់ឱ្យបណ្តាប្រទេសមជ្ឈិមបូព៌ាចុះកិច្ចព្រមព្រៀង Abraham គឺដើម្បីប្រើប្រាស់វាជាយុទ្ធសាស្ត្រការទូត បង្រួបបង្រួមតំបន់ឱ្យទៅជាប្លុកតែមួយ ងាយស្រួលក្នុងការគ្រប់គ្រង និងការពារផលប្រយោជន៍របស់អ៊ីស្រាអែលផង ក៏ដូចជា ដើម្បីបង្កើតសមិទ្ធផលការទូតដ៏ធំធេងមួយ សម្រាប់រូបលោកផ្ទាល់ផងដែរ។ ប៉ុន្តែ ថាតើលោកអាចបញ្ចុះបញ្ចូល ឬបង្ខំឱ្យបណ្តាប្រទេសមហាអំណាចឥស្លាម ដូចជា អារ៉ាប់រីសាអូឌីត និងតួកគី ព្រមលះបង់លក្ខខណ្ឌរដ្ឋប៉ាឡេស្ទីន ដើម្បីមកចាប់ដៃជាមួយអ៊ីស្រាអែលបានដែរឬទេ នោះគឺជាល្បែងនយោបាយដ៏គ្រោះថ្នាក់ និងស្មុគស្មាញបំផុត ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕
អត្ថបទ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


