Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើអង្គភាព​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​និង​​បុគ្គល​២រូប​ ដែល​គំរាម​​សេរីភាព​ក្នុង​​ច្រក Hormuz

បានផុស

នៅ

សហភាព​អឺរ៉ុប ​(EU) បាន​លើក​ឡើង​​នៅ​ថ្ងៃចន្ទ​ ថា ខ្លួនបាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ពីរ​រូប​និងអង្គភាព​មួយរបស់កងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់​ ចំពោះ​ការ​គំរាម​កំហែង​ដល់សេរីភាពនៃការ​ធ្វើ​ចរាចរណ៍ផ្លូវ​ទឹក​ក្នុងច្រកសមុទ្រ​ហ័រមូស(Hormuz) ដែល​គ្រប់គ្រងដោយ​អ៊ីរ៉ង់​ ចាប់​តាំងពី​សង្គ្រាម​​បាន​ផ្ទុះ​ឡើង​កាល​ពីចុង​ខែ​កុម្ភៈ​ ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សកម្មភាព​នេះ​ត្រូវ​បានសម្គាល់​ជាលើកដំបូង​ដែល​​អឺរ៉ុប​ប្រើ​ប្រាស់​អំណាច​ថ្មី​ ដើម្បីដាក់ទណ្ឌកម្ម​អ៊ីរ៉ង់ ចំពោះការរឹតត្បិតសេរីភាព​នៃការធ្វើ​នាវាចរណ៍។

លោក​ស្រី Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាពអឺរ៉ុបនិយាយ​ក្នុងសេចក្តីថ្លែងការណ៍​​មួយថា ខ្លួនបាន​បន្ថែម នូវ​ឈ្មោះ​ទី​បញ្ជា​ការ​ខេត្ត Hormozgan នៃ​កងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ទៅក្នុងបញ្ជីទណ្ឌកម្ម ក៏ដូច​ជា​ លោក Mohammad Akbarzadeh និង​ លោក Hamid Hosseini ផងដែរ។

របាយ​ការណ៍ដដែល​​ថា លោក Akbarzadeh គឺជាអនុប្រធានទទួល​បន្ទុកកិច្ចការនយោបាយ​នៃកងទ័ពជើងទឹក IRGC ហើយ លោក Hosseini គឺជាតំណាង​នៃសហភាព​អ្នក​នាំចេញផលិតផល​ប្រេង ឧស្ម័ន និងប្រេងកាត​របស់អ៊ីរ៉ង់។

ដោយ​ធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi និយាយថា ទីក្រុងតេហេរ៉ង់​មិន​ផ្តល់​តម្លៃ​ណាមួយ​ ចំពោះចលនា​នយោបាយនិងលាក់ពុតរបស់​សហភាពអឺរ៉ុប​ទេ។

លោកនិយាយថា៖ « អ៊ីរ៉ង់​នឹងបន្តយុទ្ធសាស្ត្ររបស់ខ្លួន​ ដើម្បីរក្សា​អធិបតេយ្យភាពលើ​ច្រកសមុទ្រយុទ្ធសាស្ត្រនេះ​​»។

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់បាន​ចាត់វិធានការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

ដោយ​ឡែក លោក​ស្រី Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ប្រទេសស៊ីបថា៖ « សកម្មភាព​របស់អ៊ីរ៉ង់​គឺមិនអាចទទួលយកបានទេ។ ជាការ​ឆ្លើយតប រដ្ឋ​ជាសមាជិក​បាន​អនុម័តទណ្ឌកម្មប្រឆាំង​នឹងអង្គភាព និងបុគ្គល​ដែល​ពាក់​ព័ន្ធនឹងការរំខានដល់ការដឹកជញ្ជូនឆ្លង​កាត់ច្រកសមុទ្រ Hormuz »។

លោកស្រី​ Kallas បន្ថែមថា៖ « នេះជាលើកដំបូងហើយ​ដែលសហភាពអឺរ៉ុប​បានអនុវត្តរបបសេរីភាព​នៃការធ្វើនាវាចរណ៍​ថ្មី ហើយ​នៅ​ពេលចាំបាច់ យើងនឹង​អនុវត្តវាម្តងទៀត»​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម