Connect with us

ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ សន្តិសុខ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាមួយ អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី Seema Malhotra ក្នុងជំនួបកាលពីថ្ងៃទី៩ ខែមិថុនា ក្រៅវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការម៉ឺងម៉ាត់របស់កម្ពុជា។



អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បង្ហាញការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ កម្ពុជា-អង់គ្លេស ជាពិសេសក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា។​ ជាមួយនេះ, លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់​អង់គ្លេស​ តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេស​នៅក្នុងតំបន់។



 សម្ដេច ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។​ សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកស្រី ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។



សម្ដេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យដ៏សារៈសំខាន់​ និង​ការ​ចាប់​អារម្មណ៍​ខ្ពស់ក្នុងចំណោមនិស្សិតកម្ពុជា និងជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យចក្រភពអង់គ្លេស បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។

សម្តេចធិបតី និងលោកស្រីក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម