Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន៖ កាយរឹទ្ធិជាវេទិកាសំខាន់ក្នុងការកសាងយុវជនឱ្យមានវិន័យ និងស្មារតីស្នេហាជាតិ

បានផុស

នៅ

ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិ លើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍លើកឡើងថា ក្រៅពីការងារស្ម័គ្រចិត្ត និងការហ្វឹកហាត់តន្ត្រី សូមប្អូនៗ ក្មួយៗទាំងអស់ មិនត្រូវបោះបង់ចោលការសិក្សា នៅសាលានោះទេ គឺត្រូវខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត ការជួបសំណេះ​សំណាល សាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានយ៉ាងកក់ក្តៅជូនដល់ ក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិន គឺធ្វើឡើងដើម្បីជាការលើកទឹកចិត្ត និងបង្កើនស្មារតី មុនពេលដែលប្អូនៗ ក្មួយៗ ត្រូវធ្វើដំណើរទៅតំណាងឱ្យខេត្តប៉ៃលិនទាំងមូល។

លោកស្រីអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ ក្រុមភ្លេងកាយរឹទ្ធិខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងស្មារតី ក្នុងការហ្វឹកហាត់រៀនសូត្រ រហូតបង្កើតបានជាសមិទ្ធផល និងមានសមត្ថភាព អាចចូលរួមសម្តែង ក្នុងកម្មវិធីផ្លូវការនានារបស់ខេត្ត។ លោកស្រីអភិបាលខេត្តមានប្រសាសន៍បញ្ជាក់ថា ចលនាកាយរឹទ្ធិ គឺជាសាលាបណ្តុះបណ្តាល ដ៏សំខាន់មួយ ក្នុងការកសាងយុវជនឱ្យមានវិន័យ សីលធម៌ សាមគ្គីភាព និងស្មារតីស្នេហាជាតិ មាតុភូមិ ដូច្នេះសូមឱ្យក្រុមភ្លេងកាយរឹទ្ធិទាំងអស់ ត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាពផ្នែកតន្ត្រីឱ្យកាន់តែទំនើប និងសម្បូរបែប ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ទាំងក្នុងកម្រិតខេត្ត និងកម្រិតជាតិ។ ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ ក៏បានជូនពរឲ្យក្មួយៗយុវជនកាយរឹទ្ធិទាំងអស់ ទទួលបានជោគជ័យ និងនាំយកកិត្តិយស ជូនខេត្តប៉ៃលិន ក្នុងការប្រកួតដ៏សំខាន់នាថ្ងៃខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិន ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរ និងផ្តល់ភាពកក់ក្តៅ ដល់យុវជនគ្រប់ពេលវេលា និងបានប្តេជ្ញាចិត្តថានឹងខិតខំហ្វឹកហាត់ គោរពវិន័យ ដើម្បីនាំមកនូវមោទនភាពជូនខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ការចូលរួមប្រកួតនេះ មិនត្រឹមតែជាការបង្ហាញសមត្ថភាព និងទេពកោសល្យ ផ្នែកតន្ត្រីរបស់យុវជនខេត្តប៉ៃលិន នៅលើឆាកជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំង ពីស្មារតីសាមគ្គីភាព វិន័យ និងការរួមចំណែកលើកកម្ពស់តម្លៃ «សន្តិភាព និងការអភិវឌ្ឍ» ស្របតាមប្រធានបទ នៃការប្រកួតផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម