Connect with us

ព័ត៌មានជាតិ

ពី​វេទិកាគយ និង FASMEC វិស័យ​ឯកជន​ស្នើ​ជួយ​ដោះស្រាយ​នីតិវិធី​ចុះ​បញ្ជី និង​បញ្ហា​សារពើពន្ធ​ដើម្បី​ជំរុញ​ SME រីកចម្រើន

បានផុស

នៅ

វិស័យ​ឯកជន​បាន​លើក​យក​ពី​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​​​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​រីកចម្រើន។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​លើក​ជា​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ជួយ​ដល់​សហគ្រាស​ក្នុង​ស្រុក ដោយ​​លោក​យក​បញ្ហា​បង្ក​ការ​​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វេទិកា​គយ​និង FASMEC ដែល​រៀបចំ​ឡើង​ក្រោម​ប្រធានបទ៖ «ការ​គាំទ្រ និង​ការគាំ​ពារ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក និង​សមត្ថភាព​ប្រកួត​ប្រជែង» ​ឧកញ៉ា តែ តាំង​ប៉​ បាន​បញ្ជាក់​ថា សហគ្រាស​ធុនតូច និង​មធ្យម គឺជា​ឆ្អឹង​ខ្នងនៃសេដ្ឋកិច្ចជាតិ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុងការគាំទ្រ​កំណើន​សេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ជម្រុញ​ផលិតផល​ក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការ​បង្កើន​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និង​មានសមត្ថភាពប្រកួតប្រជែង។

យ៉ាង​ណា លោក​លើក​ឡើង​​ពី​បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គជាច្រើនរួមមាន ការ​កង្វះខាតព័ត៌មាន​ជុំវិញការ​ចុះបញ្ជី និងកាតព្វកិច្ច​សារពើពន្ធ ការចូលដំណើរការ​ហិរញ្ញប្បទាន​នៅមានកម្រិត កង្វះ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ព្រមទាំង​តម្រូវការ​បច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរ ផលវិបាក​ក្នុងប្រតិបត្តិការ​នាំចេញ-នាំ​ចូល ការប្រកួតប្រជែងខ្ពស់​ពីផលិតផល​នាំចូលនៅលើទីផ្សារ ការយល់ដឹង​នៅ​មានកម្រិត​អំពី​នីតិវិធីគយ និង​ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ ការចំណាយ​ប្រតិបត្តិ​ការខ្ពស់ និងតម្រូវការ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរឱ្យកាន់តែជិតស្និទ្ធ។

ក្នុងបរិបទនេះ ដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានភាពងាយស្រួល ប្រកួតប្រជែង​ដោយ​ស្មើភាព និងអំណោយផលសម្រាប់ការរីកចម្រើនរបស់សហគ្រាសក្នុងស្រុក ក្នុងនាម​តំណាង​ឲ្យ​វិស័យ​ឯកជន លោក​ស្នើសុំឱ្យមានការគាំទ្រលើចំណុចគន្លឹះ ទី១ គឺ​ការសម្រួលនីតិវិធីគយ និង​កាត់បន្ថយ​ភាពស្មុគស្មាញ​ក្នុងការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតផលក្នុងស្រុក។

ទី២. ការបង្កើនការផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ SMEs អំពីបទប្បញ្ញត្តិគយ និង​អត្ថប្រយោជន៍​ពាក់ព័ន្ធ។ ទី៣. ការបង្កើតយន្តការគាំទ្រពិសេសសម្រាប់ផលិតផលក្នុងស្រុក ដើម្បីលើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង។ ទី៤. ការជម្រុញប្រព័ន្ធឌីជីថល និងការធ្វើទំនើបកម្មនីតិវិធី ដើម្បី​កាត់បន្ថយ​ពេលវេលា និងថ្លៃដើម និង​ទី៥. ការបន្តបង្កើតវេទិកាសន្ទនាជាប្រចាំ ដើម្បីឱ្យវិស័យរដ្ឋ និងឯកជនអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោក​បាន​លើក​ឡើង​ពី​កិច្ច​សហការរៀបចំវេទិកា​គយ និង FASMEC ជាវេទិកាសន្ទនាបើកចំហ សម្រាប់​​ការ​ផ្លាស់ប្តូរ​យោបល់ ការចែក​រំលែកបទពិសោធន៍ និង​ការស្វែងរកដំណោះស្រាយរួម​។

លោក​ថា នេះគឺ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត នៃកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និង (FASMEC) ក្នុងគោល​បំណង បង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ និងការ​សម្រួល​សម្របសម្រួលពាណិជ្ជកម្មនានា។

ពាក់ព័ន្ធ​ការ​លើក​ឡើង​​បញ្ហា​ពី​​វិស័យ​ឯកជន លោក គុណ ញឹម រដ្ឋមន្រ្តី​អមនាយករដ្ឋមន្រ្តី​​ទទួល​បន្ទុក​ជា​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​​បាន​ទទួល​ស្គាល់​ពី​កម្លាំង​ចលករ​សេដ្ឋកិច្ច​របស់​សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែល​ផ្នែកមួយដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ច និងផលិតកម្មក្នុងស្រុក ដែលរួម​ចំណែក​បង្កើតការងារ បង្កើតប្រាក់ចំណូល និងលើកកម្ពស់សកម្មភាពបំពេញតម្រូវការទីផ្សារ។

លោក​ថា ក្នុងបរិបទដែលបរិយាកាសធុរកិច្ចនិងការធ្វើ​ពាណិជ្ជកម្ម​​មានការប្រកួតប្រជែងខ្ពស់ ការកាត់បន្ថយថ្លៃដើម ការសម្រួលនីតិវិធី និង​ការបង្កើតភាព​ងាយស្រួលក្នុងការផលិត និងធ្វើពាណិជ្ជកម្ម គឺជាកត្តាចាំបាច់​ដើម្បី​ជួយឱ្យ​សហគ្រាស​ទាំងនោះ​រីកចម្រើន និងពង្រីកឱកាសទីផ្សារ។

​លោក​បាន​លើក​ឡើង​ពី​កិច្ចខិតខំប្រឹងប្រែង និងការកែទម្រង់របស់រដ្ឋបាលគយ ​ដែល​បាន​កំពុង​អនុវត្ត​​​កម្មវិធីកែទម្រង់ និងទំនើបកម្មជាច្រើន ដើម្បីសម្រួលពាណិជ្ជកម្ម និងគាំទ្រដល់វិស័យឯកជន រួមមាន ការ​ជំរុញការធ្វើទំនើបកម្មតាមរយៈការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA) ការទូទាត់ប្រាក់ពន្ធ-អាករតាមប្រព័ន្ធអេឡិចត្រូនិច ការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និង​ប្រព័ន្ធបញ្ជរ​តែមួយ​ជាតិ (National Single Window) ដើម្បីកាត់បន្ថយពេលវេលា​ និងបង្កើន​ប្រសិទ្ធភាព​សេវាសាធារណៈ។

លោក​បាន​លើក​ពី​គោលនយោបាយ​សន្ធានកម្មពន្ធ ដែល​មាន​ការ​បន្ត​បន្ទាប​អត្រាពន្ធ និង​អាករ​លើ​មុខ​ទំនិញ​សំខាន់ៗ ដែល​ជា​គ្រឿង​ម៉ាស៊ីន និង​ធាតុចូលផលិតកម្ម។ ការ​អនុវត្តការលើកលែងពន្ធ និង​អាករ​លើ​ការ​នាំចូល​សម្ភារ និង​ធាតុចូល​ផលិតកម្ម​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម ដែល​មាន​លក្ខណៈ​សម្បត្តិ​ស្រប​តាម​បទប្បញ្ញត្តិជាធរមាន។

លើ​កិច្ចសហប្រតិបត្តិការ និងការចុះអនុសរណៈនៃការយោគយល់ (MoU) ភាពជាដៃគូរដ្ឋ និង​ឯកជន លោក​ថា វេទិកានេះបង្កើត​ឡើងក្នុងគោលបំណងបង្កើនការសន្ទនា ផ្សព្វផ្សាយគោលនយោបាយ ស្ដាប់​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​សហគ្រាស ដើម្បីស្វែងរកដំណោះ​ស្រាយ​សមស្រប។

​ការចុះអនុស្សណៈ​នៃការយោគយល់​គ្នារវាង​អគ្គនាយកដ្ឋានគយ និង​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា ក៏​នឹង​ក្លាយជាក្របខ័ណ្ឌ​ការងារ​ដ៏​សំខាន់​ក្នុងការ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​នីតិវិធីគយ ការ​កសាង​សមត្ថភាព និង​ការទាញយកអត្ថប្រយោជន៍​ពីវិធានការ​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល។ លោក គុណ ញឹម បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម