Connect with us

ព័ត៌មានអន្ដរជាតិ

​តើ​​​ប្រធានចារកម្ម​ថ្មីរបស់​អាមេរិក​ នឹង​​​ផ្លាស់ប្តូរ​​ទម្រង់​ការសម្ងាត់ និងយុទ្ធសាស្ត្រសន្តិសុខជាតិ កម្រិតណា?

បានផុស

នៅ

ការឡើងកាន់តំណែងរបស់ លោក ប៊ីល ភុលតេ (Bill Pulte) ជានាយកស្តីទីនៃទីភ្នាក់ងារចារកម្មជាតិអាមេរិក (DNI) ត្រូវបានគេរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរទម្រង់ការសម្ងាត់ និងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិកយ៉ាងខ្លាំង តាមរយៈការកាត់បង្រួម​​ទំហំស្ថាប័ន ដោយ​​ការ​បន្ថយការិយាធិបតេយ្យ ​​និងការជំរុញឲ្យមានការបញ្ចេញឯកសារសម្ងាត់លឿនជាងមុន។

លោក Bill Pulte ជានាយកស្តីទីនៃទីភ្នាក់ងារចារកម្មជាតិអាមេរិក (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters ផ្អែកតាមចក្ខុវិស័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្ថាប័នចារកម្មជាតិបច្ចុប្បន្នមានទំហំធំពេក និងមិនចាំបាច់ ដែលធ្វើឲ្យរដ្ឋបាលថ្មីចង់ប្រើប្រាស់ លោក ប៊ីល ភុលតេ ប្រៀបបាន​ទៅ​នឹង​គ្រឿងចក្រ​ឈូសដី ដើម្បីកម្ទេចប្រព័ន្ធការិយាធិបតេយ្យចាស់គំរឹល និងពន្លឿនការលុបចោលភាពសម្ងាត់នៃឯកសារ​នានាដែលសាធារណជនគួរបានដឹង។

ជាងនេះទៅទៀត ការចូលមកដឹកនាំរបស់ លោក ភុលតេ ទំនង​​​ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ចារកម្មអាមេរិក ដោយងាកមកតាមដាន និងស៊ើបអង្កេតលើបញ្ហាផ្ទៃក្នុងមួយចំនួន ដូចជារឿងរ៉ាវពាក់ព័ន្ធនឹងការ​លួច​បន្លំសន្លឹកឆ្នោត ឬការពិនិត្យមើលឯកសារសម្ងាត់របស់បុគ្គលដែលរដ្ឋបាលបច្ចុប្បន្នចាត់ទុកថា ជាសត្រូវនយោបាយ។

ទោះជាយ៉ាងណា យុទ្ធសាស្ត្រថ្មីនេះបានបង្កឲ្យមានក្តីបារម្ភ និងការជជែកវែកញែកយ៉ាងក្តៅគគុកពីសំណាក់អ្នកជំនាញ និងសមាជិកសភា​នៃ​បក្សប្រជាធិបតេយ្យ ដោយសារតែលោក ភុលតេ ដែល​ដឹកនាំ​ក្នុង​វិស័យ​ធុរកិច្ច​​នោះ​ គ្មានបទពិសោធន៍ទាល់​តែ​សោះនៅក្នុងវិស័យចារកម្ម និងសន្តិសុខជាតិ ដែលជាលក្ខខណ្ឌតម្រូវយ៉ាងចម្បងតាមផ្លូវច្បាប់។

ជាក់ស្ដែង ក្រុមអ្នករិះគន់បានព្រមានថា ការតែងតាំងអ្នកស្មោះស្ម័គ្រផ្នែក​នយោបាយដែលខ្វះជំនាញវិជ្ជាជីវៈបែបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត និងការចែករំលែកព័ត៌មានសម្ងាត់រវាងអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តអន្តរជាតិ ព្រមទាំងអាចធ្វើឲ្យប្រព័ន្ធការពារសន្តិសុខជាតិទាំងមូលប្រឈមនឹងហានិភ័យខ្ពស់ ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកកំពុងមានភាពតានតឹង។

យ៉ាងណាមិញ ដោយសារតែរូបភាពចម្រូងចម្រាសទាំងនេះ លោក ត្រាំ បានបញ្ជាក់ថា ការកាន់តំណែងនេះគឺធ្វើឡើងត្រឹមតែក្នុងលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលរដ្ឋបាលរបស់លោក កំពុងបន្តសម្ភាសន៍បុគ្គលិកដទៃទៀត ដើម្បីស្វែងរកអ្នកមកដឹកនាំជាផ្លូវការ និងអចិន្ត្រៃយ៍ដែលត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក Bill Pulte ដែលស្និទ្ធ​នឹង​ ត្រាំ​ ចូល​កាន់តំណែងជាប្រធានចារកម្មជាតិ លឿនជាងការគ្រោងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម