Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កាត់ទោសប្រហារជីវិត ជនជាតិអ៊ុយហ្គ័រ ២នាក់ ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅបាងកក ឆ្នាំ២០១៥

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ តុលាការថៃ បានកាត់ទោសប្រហារជីវិត បុរសជនជាតិអ៊ុយហ្គ័រ ចំនួន២នាក់ ជុំវិញការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១៥ ដែលផ្តាច់ជីវិតមនុស្ស ២០នាក់ និង១២០នាក់ទៀត រងរបួស។

(រូប៖ Reuters)

តាមការផ្សាយរបស់ The Star, ជនជាតិអ៊ុយហ្គ័រទាំងពីរ ឈ្មោះ Yusufu Mieraili និង Bilal Mohammed ត្រូវបានកាត់ទោស លើបទចោទប្រកាន់ ឃាតកម្មគិតទុកជាមុន និងការប៉ុនប៉ងធ្វើឃាត។

តុលាការរកឃើញថា ពួកគេ មានតួនាទីក្នុងការដាក់គ្រាប់បែក បំផ្ទុះនៅទីសក្ការបូជា Erawan ស្ថិតចំកណ្តាលតំបន់ពាណិជ្ជកម្ម នៃទីក្រុងបាងកក កាលពីខែសីហា ឆ្នាំ២០១៥។

យោងតាមសេចក្តីប្រកាសរបស់តុលាការ, សកម្មភាពរបស់អ្នកទាំងពីរ បង្កើតបានជាបទល្មើសដាច់ដោយឡែកពីគ្នាជាច្រើន។ សាលក្រមនេះ រួមបញ្ចូលទាំងការផ្តន្ទាទោស ពីបទឃាតកម្មគិតទុកជាមុន ដែលនាំទៅដល់ការកាត់ទោសប្រហារជីវិត។

(រូប៖ Reuters)

យ៉ាងណា លោក Choochat Kanpai មេធាវីតំណាងឲ្យជនជាប់ចោទម្នាក់ ក្នុងចំណោមអ្នកទាំងពីរ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងសាលក្រមនេះ ក្នុងរយៈពេលមួយខែ។

សូមជម្រាបថា ការបំផ្ទុះគ្រាប់បែកនោះ គឺជាការវាយប្រហារភេរវកម្មដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រថៃសម័យទំនើប។ ហេតុការណ៍ កើតឡើងនៅផ្លូវប្រសព្វ Ratchaprasong ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ៦:៥៥ នាទីល្ងាច ដែលជាពេលមមាញឹក មានមនុស្សច្រើនកកកុញ ពោលគឺជាម៉ោងចេញធ្វើការ។

ក្នុងការវាយប្រហារនោះ ភេរវករ បានប្រើគ្រាប់បែកកែច្នៃ ដែលមានផ្ទុកជាតិផ្ទុះ TNT ទម្ងន់ ៣ គីឡូក្រាម លាក់ទុកនៅក្នុងកាតាបស្ពាយ ហើយយកទៅដាក់នៅក្រោមបង់អង្គុយមួយ។ ក្នុងចំណោមមនុស្សស្លាប់ ក៏មានអ្នកមកពី ចិនដីគោក និងទីក្រុង ហុងកុងផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម