Connect with us

ព័ត៌មានអន្ដរជាតិ

ស្លូវេនី លុបចោលបម្រាមប្រឆាំងលោក ណេតាន់យ៉ាហ៊ូ ក្រោយ​រដ្ឋាភិបាលថ្មី​ឡើងកាន់អំណាច

បានផុស

នៅ

រដ្ឋាភិបាលអភិរក្សនិយមថ្មីរបស់ប្រទេសស្លូវេនី កាលពីថ្ងៃព្រហស្បតិ៍ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦ បានសម្រេចលុបចោលបម្រាមមិនឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីពីររូបទៀតចូលប្រទេស ដែលនេះគឺ​ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរនយោបាយការបរទេសដ៏​ធំ​ ចំពោះភាគីអ៊ីស្រាអែល បន្ទាប់ពីរដ្ឋាភិបាលកណ្ដាលឆ្វេងនិយមមុន បានចាកចេញពីអំណាច។

លោក Janez Jansa (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន STA រដ្ឋាភិបាលប្រជាភិថុតរបស់នាយករដ្ឋមន្ត្រី លោក Janez Jansa ក៏បានលើកលែងបម្រាមលើការនាំចូលទំនិញពីតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ព្រមទាំងបានបញ្ចប់ការហាមឃាត់លើការនាំចេញ និងការដឹកជញ្ជូនឆ្លងកាត់នូវអាវុធ ក៏ដូចជាបរិក្ខារយោធាទៅមកជាមួយប្រទេសអ៊ីស្រាអែលផងដែរ។ ការកែប្រែនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Jansa បានឡើងកាន់តំណែង កាលពីដើមខែនេះ ក្រោយឈ្នះការបោះឆ្នោត កាលពីខែមីនា ដោយលោកបានប្ដេជ្ញាចិត្តថានឹងស្តារទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើងវិញ ដែលផ្ទុយស្រឡះពីគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីមុន គឺលោក Robert Golob។

កាលពីស្ថិតក្រោមការដឹកនាំរបស់លោក Golob ស្លូវេនី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរិះគន់អ៊ីស្រាអែលខ្លាំងជាងគេបំផុត នៅក្នុងសហភាពអឺរ៉ុប។ ប្រទេសនេះ ថែមទាំងបានទទួលស្គាល់រដ្ឋប៉ាលេស្ទីនជាផ្លូវការ កាលពីឆ្នាំ២០២៤ និងបានដាក់បម្រាមមិនឱ្យលោក ណេតាន់យ៉ាហ៊ូ រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ឈានជើងចូលទឹកដីខ្លួន កាលពីឆ្នាំ២០២៥ ទៀតផង។ ចំពោះការផ្លាស់ប្ដូរលើក​នេះ រដ្ឋាភិបាលថ្មីរបស់ស្លូវេនី បានពន្យល់ថា ការលុបចោលវិធានការដាក់ទណ្ឌកម្មទាំងនេះ គឺដើម្បីបើកផ្លូវឱ្យមានការជជែកគ្នាបែបនយោបាយឡើងវិញ ហើយការទូតដោយស្ងប់ស្ងាត់ នឹងជួយពង្រឹងតួនាទីរបស់ស្លូវេនី ក្នុងការស្វែងរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា៕

លោក Benjamin Netanyahu (រូបថត៖ AP)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម