Connect with us

សន្តិសុខសង្គម

ថ្ងៃទី១១មិថុនា អាជ្ញាធររាជធានីរកឃើញបទល្មើស ONLINE SCAMS ៣ករណី និងឃ្លាំងសិប្បកម្ម៤កន្លែងនាំចូលទំនិញពីប្រទេសថៃ

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្ត​បទល្មើស ONLINES CAMS ដោយរកឃើញពាក់ព័ន្ធប្រព្រឹត្តបទល្មើស ONLINE SCAMS ៣ករណី និងពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃបានចំនួន៥១ទីតាំង រកឃើញឃ្លាំង និងសិប្បកម្មចំនួន៤កន្លែងនាំចូលពីប្រទេសថៃ។ នេះបេីតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅ ប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៥២០នាក់ ( ស្រី១៧៨នាក់ ) ពុំមានលិខិតឆ្លងដែន៣នាក់។ ក្នុងនោះក្រុមការងារបានរកឃើញពាក់ព័ន្ធប្រព្រឹត្តបទល្មើស ONLINE SCAMS ៣ករណី រួមមាន នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន ២១ គ្រឿ ង កុំព្យូទ័រ (Laptop) ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិនចំនួន០២ក្បាល។

នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិតឆ្លងដែន៣នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទចំនួន ២៦គ្រឿង ក្ដាចុច (Keyboard) ចំនួន ០៣គ្រឿង ស៊ីមកាតបរទេសមិនទាន់ប្រើ (នៅថ្មី) ចំនួន៣៣ស៊ីម ស៊ីមកាត បរទេសប្រើប្រាស់រួចចំនួន១៩ស៊ីម កុំព្យូទ័រ (Laptop) ចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
– អគារខុនដូ ដឺខាសហ្សលរ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជន ជាតិវៀតណាម១០នាក់ ព្រមទាំង សម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទ ២៨គ្រឿង កុំព្យូទ័រ AllIn one ២គ្រឿង Laptop ១៣គ្រឿង Tablet ១គ្រឿង និងស៊ីមកាតមួយចំនួន។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ដែរថា យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ បានសន្និដ្ឋានបានថា ទីតាំងខាងលើ មានជាប់ពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS។ ជនសង្ស័យ និងសម្ភារខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬ អ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន៨នាក់ គិតជាថវិកាសរុបបានចំនួន ៣២.០០០.០០០រៀល (សាមសិបពីរលានរៀល )។

លោកស្រី ដោ សម្ផស្ស បានបន្តថា ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុបបានចំនួន៥១ទីតាំង។ ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចំរុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា អនុវត្តទៅតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្អី រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តឃ្លាំមើល និងចុះពិនិត្យគ្រប់ឃ្លាំង គ្រប់ទីតាំងស្តុបទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារកឲ្យឃើញនូវការលួចស្តុបទុកចែកចាយផលិតផលដែលនាំចូលមកពីប្រទេសថៃ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម