Connect with us

សេដ្ឋកិច្ច

​គណៈកម្មាធិការវិនិយោគ ចុះពិនិត្យ​ទីតាំង​សួន​ឧស្សាហកម្មចន្ទី​ នៅខេត្តកំពង់ធំ​

បានផុស

នៅ

លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ​១២ មិថុនា ​២០២៦​ បាន​ដឹកនាំគណៈកម្មការអន្តរក្រសួង​ និងក្រុមការងារ​ចំពោះកិច្ច​ទទួល​បន្ទុកក្នុងវិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី​ ចុះពិនិត្យទីតាំងគម្រោងស្នើសុំបង្កើត​តំបន់​សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ​កំពង់ធំ ​ឧទ្យាន ​ឧស្សាហកម្ម ចន្ទី ឯ.ក មានទីតាំងស្ថិតនៅ​ភូមិត្រ​ពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍កាលពីពេលថ្មីៗនេះ ​រាជរដ្ឋាភិបាលកម្ពុជា ​កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​សួនឧស្សាហកម្មស្វាយចន្ទី​នៅក្នុង​ខេត្ត​កំពង់ធំ ​ដើម្បីជំរុញការ​អភិវឌ្ឍន៍វិស័យ​ស្វាយចន្ទីកម្ពុជា។

​សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ឧស្សាហកម្មស្វាយចន្ទី ត្រូវបាន​រៀបចំសាកល្បង​មួយ​ជំហានរួចហើយ ដើម្បីប្រែក្លាយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍស្វាយចន្ទី ​តាមរយៈការដាក់ចេញ​នូវ​ការ​ប្រតិបត្តិជាក់ស្ដែង ដោយយកខេត្តកំពង់ធំជាការចាប់ផ្ដើម ជាមជ្ឈមណ្ឌលសួនឧស្សា​ហកម្មស្វាយចន្ទី។

បើតាមសម្ដេច ហ៊ុន ម៉ាណែត សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការ​កែច្នៃគ្រាប់ស្វាយចន្ទី​ ប្រមូលផ្ដុំនៅទីនេះ ដើម្បីជួយកសិករនៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តសៀមរាប។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បានន័យថា យើងបង្កើតទីផ្សារនៅនឹងកន្លែង កន្លងទៅយើង​បង្កើតទីផ្សារនៅក្រៅច្រើន យើងផលិតកែច្នៃហើយ យើងនាំអាឆៅ នាំអាឆ្អិនទៅ ឥឡូវយើងចង់បង្កើតទីផ្សារក្នុងស្រុក បានន័យថា បង្កើតឧស្សាហកម្មកែច្នៃក្នុងស្រុក ដើម្បីនាំចេញ»។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា ការកែច្នៃស្វាយចន្ទី មិននិយាយតែកែច្នៃគ្រាប់​ចន្ទីយក​ទៅក្រៅនោះទេ និយាយទាំងអស់ ទាំងសំបកធ្វើអ្វី និងដើមចន្ទីធ្វើអ្វី យកមកកែច្នៃ ដើម្បីឱ្យ​ជាខ្សែសង្វាក់ផលិតកម្មតែម្ដង ដោយសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាអធិរាជស្វាយចន្ទី ដែលមានខេត្តកំពង់ធំជាស្នូលនៃអ្នកផលិតស្វាយចន្ទីច្រើន។​

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា លោកចង់ឲ្យតំបន់សួនឧស្សា​ហកម្មស្វាយចន្ទី មានលក្ខណៈដូចតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានទទួលការឧបត្ថម្ភ​ធនលើផ្នែកបច្ចេកទេស និងការលើកលែងពន្ធមួយចំនួនដូចជាពន្ធនៃការនាំចេញត្រូវបានលើកលែង ប៉ុន្តែផ្ដោតតែលើកសិ-ឧស្សាហកម្មប៉ុណ្ណោះ។

លោក អួន ស៊ីឡុត បន្ថែមថា៖ «ជាសំណូមពរផ្ទាល់ខ្លួន ខ្ញុំចង់ឲ្យតំបន់សួនកសិ-ឧស្សាហកម្មឲ្យក្រុមហ៊ុនអាច​មកធ្វើរោងចក្រនៅលើដីហ្នឹង ដោយមិនចាំបាច់មានភាគទុនជាកម្ពុជាទេ គាត់អាចជួលដីហ្នឹងបើករោងចក្រក្នុងអំឡុងពេលណាមួយ ដែលធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល គាត់ទទួលបានការឧបត្ថម្ភធន គាត់អាចរួចពន្ធមួយចំនួន ហើយគាត់នៅបណ្ដុំគ្នាដែលគាត់អាចប្រមូលបានវត្ថុធាតុដើម អ្នកដែលនៅបណ្ដុំគ្នានេះ មិនមែនតែចន្ទីទេ អាចនឹងដំឡូងមីផងដែរ»។​

​កម្ពុជា​បាន​នាំចេញគ្រាប់ស្វាយចន្ទីឆៅ​សរុបជាង​ ៨៣ ម៉ឺនតោន (​៨៣១១៧៩) ​ទៅកាន់ប្រទេស​វៀត​ណាម​ នៅក្នុងរយៈពេល ៤ ​ខែ​ដំបូងឆ្នាំ ​២០២៦​ ដោយបង្កើតប្រាក់ចំណូល​​ប្រមាណ ​១,៤៤ ​ពាន់លាន​ដុល្លារ ​​កើនឡើង ​២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការ​របស់​ស​មាគម​ស្វាយចន្ទីកម្ពុជា៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម