Connect with us

សេដ្ឋកិច្ច

អភិបាលស្រុកអង្គរបូរី ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង ២ កន្លែង ប្ដេជ្ញាជួយរកទីផ្សារ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និង បង្កើនចំណូលប្រជាកសិករ

បានផុស

នៅ

កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីជំនាញ និង សហការី ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងចំនួន ២ កន្លែង ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្ម និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិដ្ឋានដែលត្រូវបានចុះពិនិត្យរួមមាន កសិដ្ឋានលោក ចន្ទ ប៉ុង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល និង កសិដ្ឋានលោក សាន រ៉ា ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្ដែង នៃការចិញ្ចឹមបង្កង ក៏ដូចជាបញ្ហាប្រឈម និង តម្រូវការនានារបស់ប្រជាកសិករ។

នាឱកាសនោះ លោកអភិបាលស្រុក បានសាកសួរ និង ពិភាក្សាដោយផ្ទាល់ជាមួយម្ចាស់កសិដ្ឋាន អំពីដំណើរការចិញ្ចឹមបង្កង វឌ្ឍនភាពផលិតកម្ម បច្ចេកទេសគ្រប់គ្រង និង បញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។ ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ដែលបានចាប់យកមុខរបរចិញ្ចឹមបង្កងជាអាជីពមួយមានសក្ដានុពល និង អាចបង្កើនប្រាក់ចំណូលដល់គ្រួសារ។

លោក កង អាណាន់ បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្តពង្រីកការចិញ្ចឹមបង្កងបន្ថែមទៀត ដោយត្រូវអនុវត្តតាមបច្ចេកទេសស្តង់ដារឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវទិន្នផលខ្ពស់ គុណភាពល្អ និង អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារកាន់តែទូលំទូលាយ។

លោកបញ្ជាក់ថា វិស័យវារីវប្បកម្ម គឺជាវិស័យមួយដែលមានសក្ដានុពលក្នុងការបង្កើតការងារ និង បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោកអភិបាលស្រុក បានប្ដេជ្ញាថា អាជ្ញាធរស្រុក នឹងខិតខំស្វែងរកទីផ្សារ និង ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួលការលក់ និង ចែកចាយផលិតផលបង្កងរបស់ប្រជាកសិករ ឲ្យកាន់តែមានប្រសិទ្ធភាព។ ការភ្ជាប់ទីផ្សារនេះ នឹងជួយកាត់បន្ថយហានិភ័យ នៃការកកស្ទះផលិតផល និង ធានាឲ្យកសិករអាចលក់បានក្នុងតម្លៃសមរម្យស្របតាមតម្រូវការទីផ្សារជាក់ស្ដែង។

ការចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងលើកនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និង ការគាំទ្រយ៉ាងសកម្មរបស់រដ្ឋបាលស្រុកអង្គរបូរី ក្នុងការជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្មឲ្យកាន់តែរីកចម្រើន។ វិស័យនេះ មិនត្រឹមតែរួមចំណែកដល់ការផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និង លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែរឹងមាំ និង មានចីរភាពផងដែរ៕
អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម