Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ប្រាប់វេទិកាកាយឫទ្ធិនារីពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជាចំពោះការរក្សាសន្តិភាព

បានផុស

នៅ

ថ្លែងចេញពីពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុថែរក្សាសន្តិភាព ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់ៗនៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ ក៏មិនអាចនិយាយអំពីការអភិវឌ្ឍ ការអប់រំ ការចូលរួមរបស់ស្ដ្រី ក៏ដូចជាអនាគតនៃយុវជនបានឡើយ។

ក្នុងន័យនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ស្រ្តីមិនត្រឹមតែជាអ្នកដែលទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ តែស្ត្រី គឺជាភ្នាក់ងារក៏ចាំបាច់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព រាប់ចាប់ពីក្នុងរង្វង់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ។

ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់វេទិកាកាយឫទ្ធិនារី ថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពនៅតាមប្រទេសជាច្រើន ពោលគឺប្រមាណ១០លើកមកហើយ។ តាមសម្ដេចធិបតី ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ១ម៉ឺននាក់ ដែលក្នុងនោះមានកងកម្លាំងជាស្ត្រីប្រមាណ ៩៩០នាក់។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពដល់ប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាក ដោយសារសង្គ្រាមនៅប្រទេសដទៃនៅលើពិភពលោក។ ក្នុងនោះ កម្ពុជា ជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយ ដែលត្រូវបានទទួលស្គាល់ថា បានបង្កើនការចល័តកម្លាំងជាស្រ្តីទៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិច្រើនជាងគេ៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម