Connect with us

ព័ត៌មានជាតិ

វិចារណកថា៖ ក្មេងទំនើង៖ ពីវិធានការចំពោះមុខ ទៅកាន់ដំណោះស្រាយដល់ឫសគល់

បានផុស

នៅ

បាតុភូត «ក្មេងទំនើង» និងអំពើហិង្សាក្នុងចំណោមសិស្សានុសិស្ស បាននឹងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាក្តីបារម្ភរួមរបស់សង្គមជាតិទាំងមូល។ ទោះបីជាមានការខិតខំប្រឹងប្រែងបង្ក្រាប និងអប់រំយ៉ាងណាក៏ដោយ ករណីទំនើងប្រកបដោយភាពរឹងរូសទាំងនេះ នៅតែបន្តកើតមានឡើងតិចឬច្រើន ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់តាំងពីតាមបណ្តាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ រហូតដល់តាមបណ្តាខេត្តឆ្ងាយៗ។ បញ្ហានេះ បានចោទជាសំណួរដ៏ធំមួយថា៖ តើវិធានការនាពេលកន្លងមកគ្រាន់តែជា «ការវែកចក» ឬយ៉ាងណា?  ហើយតើអ្វីទៅជាឫសគល់ពិតប្រាកដនៅពីក្រោយភាពកំរោលរបស់យុវវ័យ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្លុះបញ្ចាំងពីការអន្តរាគមន៍ឥតឈប់ឈររបស់ក្រសួងអប់រំ

ជារួម យើងមិនអាចបដិសេធនូវការយកចិត្តទុកដាក់ និងការចេញមុខធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងខ្សែបណ្តោយរបស់ខ្លួនបានឡើយ។ ជាក់ស្តែង ក្នុងករណីអំពើហិង្សាជាបន្តបន្ទាប់នាដើមខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងបានចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង និងឆាប់រហ័ស៖

  • ករណីវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងវិទ្យាល័យទួលទំពូង (រាជធានីភ្នំពេញ)៖ ក្រសួងបានចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីសិស្សស្រីមួយក្រុមបានព្រួតវាយគ្នាក្រៅបរិវេណសាលា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
  • ករណីវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ (រាជធានីភ្នំពេញ)៖ ក្រុមសិស្សបង្កហេតុចំនួន៦នាក់ ត្រូវបានដាក់ទណ្ឌកម្មខាងវិន័យ បន្ទាប់ពីបានព្រួតវាយ​ទៅលើសិស្សម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
  • ករណីវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ (ខេត្តតាកែវ)៖ ក្រសួងក៏បានដោះស្រាយករណីអំពើហិង្សាដែលបង្កឡើងដោយភាគីសិស្សស្រីទាំងសងខាងក្នុងទម្រង់ការវាយតប់គ្នាទៅវិញទៅមកផងដែរ។

នៅក្នុងរាល់ករណីខាងលើ ក្រសួងអប់រំបានអនុវត្តវិធានការអប់រំណែនាំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សាដោយមានការដឹងឮ និងចុះហត្ថលេខាពីអាណាព្យាបាល ព្រមទាំងដាក់ពិន័យឱ្យធ្វើពលកម្មសាលានៅរៀន ឬការងារបម្រើផលប្រយោជន៍សាធារណៈក្នុងសាលារយៈពេល១ខែ។ លើសពីនេះ ប្រសិនបើសិស្សានុសិស្សនៅតែបន្តប្រព្រឹត្តល្មើស​ វិធានការផ្អាកការសិក្សាជាបណ្តោះអាសន្ន ឬប្តូរថ្នាក់ ប្តូរសាលានឹងត្រូវយកមកអនុវត្តជាធរមាន។

ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមាន?

ទោះបីជាមានយន្តការច្បាស់លាស់ពីស្ថាប័នអប់រំក៏ដោយ ក៏ទង្វើអសីលធម៌ទាំងនេះនៅតែដុះឡើងដូចផ្សិត។ នេះជាសញ្ញាព្រមានថា វិធានការដែលមានស្រាប់អាចមានប្រសិទ្ធភាពត្រឹមតែ «បន្តិចបន្តួចប៉ុណ្ណោះ» ប៉ុន្តែមិនទាន់អាចព្យាបាល «ជំងឺខាងក្នុង» របស់យុជនបានឡើយ។ ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អ កុំឱ្យដូចជាការ «វែកចក» យើងត្រូវហ៊ានសម្លឹងមើលការណ៍ពិតពីឫសគល់នៅពីក្រោយនៃបញ្ហាក្មេងទំនើងនេះ៖

  • កត្តាបុគ្គល និងការចុះខ្សោយនៃតួនាទីជុំវិញខ្លួន៖ យុវជនស្ថិតក្នុងវ័យចង់ដឹង ចង់សាក និងងាយរងគ្រោះផ្លូវចិត្ត។ ទន្ទឹមនឹងនេះ តួនាទីតាមដាន និងអប់រំរបស់ឪពុកម្តាយ អាណាព្យាបាល និងសាលារៀនហាក់មានភាពធូរលុង ដោយសាររវល់នឹងជីវភាព ឬខ្វះវិធីសាស្ត្រក្នុងការប្រាស្រ័យទាក់ទងជាមួយកូនៗក្នុងសម័យថ្មី។
  • សម្ពាធនៃសារធាតុញៀន និងបច្ចេកវិទ្យា៖ ឥទ្ធិពលបំផ្លិចបំផ្លាញនៃគ្រឿងស្រវឹង គ្រឿងញៀន និងបារីអេឡិចត្រូនិក (E-Cigarette/Vape) បាននឹងកំពុងពង្វក់ស្មារតីរបស់យុវជន។ ជាងនេះទៅទៀត ការប្រើប្រាស់ស្មាតហ្វូនហួសកម្រិត ការជក់ចិត្តនឹងហ្គេមអនឡាញដែលមានចរិតហិង្សា និងការហូរចូលនៃវប្បធម៌បរទេសនិយមជ្រុល បានធ្វើឱ្យពួកគេបាត់បង់ការគ្រប់គ្រងខ្លួនឯង។
  • បណ្តាញសង្គម និងការទាក់ទាញភាពលេចធ្លោ៖ ការចង់បាន «ភាពល្បីល្បាញ ឬ Like/Share» នៅលើប្រព័ន្ធ TikTok, Facebook ឬ Instagram បានរុញច្រានឱ្យយុវជនបង្កើតមាតិកា ឬធ្វើសកម្មភាពកំហូច បង្កភាពទំនើង ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនទៅកាន់ពិភពលោកអនឡាញ។
  • គំរូអាក្រក់ពីមនុស្សចាស់ និងសង្គម៖ ការផ្តល់សេរីភាពហួសហេតុដោយគ្មានព្រំដែន ឬការណ៍ដែលក្មេងៗបានឃើញនូវគំរូអាក្រក់នៃការប្រើហិង្សាក្នុងគ្រួសារ និងការដោះស្រាយបញ្ហាដោយកម្លាំងបាយនៅក្នុងសង្គម ក៏ជាកញ្ចក់ឆ្លុះធ្វើឱ្យពួកគេរៀនសូត្រតាមដោយមិនដឹងខ្លួន។

ការវាយតម្លៃដំណោះស្រាយនិងយុទ្ធសាស្ត្របំពេញបន្ថែម

វិធានការដែលមានស្រាប់ (ការធ្វើកិច្ចសន្យា ការធ្វើពលកម្មសាលា ឬការប្តូរសាលា) គឺមានប្រយោជន៍ក្នុងការទប់ស្កាត់មួយគ្រាៗ ប៉ុន្តែវានៅមានកម្រិត ពីព្រោះវាជា «ការដាក់ទណ្ឌកម្មក្រោយពេលកើតហេតុ» ជាជាង «ការការពារមុនពេលកើតហេតុ»។ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាតនេះ ដំណោះស្រាយថ្មីៗដែលគួរដាក់បញ្ចូលរួមមាន៖

  • ការបង្កើតកម្មវិធីប្រឹក្សាយោបល់ផ្លូវចិត្ត៖ គ្រប់សាលារៀនគួរមានអ្នកជំនាញខាង​ចិត្តវិទ្យាដើម្បីជួយស្វែងយល់ពីវិបត្តិក្នុងចិត្ត និងអាកប្បកិរិយារបស់សិស្សដែលបាន​​បង្កហេតុ ពីព្រោះភាពទំនើង ជារឿយៗ ជាការលាក់បាំងនូវការឈឺចាប់ ឬការខ្វះភាពកក់ក្តៅក្នុងគ្រួសារ ក្នុងថ្នាក់រៀន ឬក្នុងសហគមន៍។
  • ការអប់រំឌីជីថលនិងសីលធម៌ស៊ីវិល៖ បង្កើនការអប់រំអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ឬភាពជាពលរដ្ឋឌីជីថល។

មហាកំពែងនៃកិច្ចសហការ គឺជាសោគន្លឹះនៃការដោះស្រាយបញ្ហា

សង្គ្រាមប្រឆាំងនឹងភាពទំនើងរបស់យុវជន មិនមែនជាបន្ទុករបស់ក្រសួងអប់រំតែម្នាក់ឯងនោះទេ តែវាទាមទារនូវ «កិច្ចសហការកម្រិតសកល និងផ្ទៃក្នុង» ដែលគ្រប់ភាគីត្រូវដើរតួនាទី និងពង្រឹងយន្តការផ្ទៃក្នុងសាលារៀនឱ្យបានម៉ឺងម៉ាត់បំផុត៖

  • ទី១.ការបង្កើនការឃ្លាំមើល និងការរឹតបន្តឹងវិន័យផ្ទៃក្នុងសាលា៖ សាលារៀនត្រូវតែជាកន្លែងដែលមានសុវត្ថិភាពបំផុត។ គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សខ្លួនឯង ត្រូវសហការគ្នាបង្កើត «បណ្តាញស្វ័យឃ្លាំមើល» យ៉ាងសកម្ម។ ការចេញចូលក្នុងបរិវេណសាលាត្រូវតែមានភាពតឹងរ៉ឹងជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យសិស្សសាលាដទៃ ឬក្មេងខាងក្រៅចូលក្នុងសាលាឡើយ ទាំងម៉ោងធ្វើការ និងម៉ោងមិនធ្វើការ។ សាលារៀននីមួយៗត្រូវតែមានសន្តិសុខប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីធានាសណ្តាប់ធ្នាប់។ លើសពីនេះ ត្រូវតែមានវត្តមានរបស់គណៈគ្រប់គ្រង ឬលោកគ្រូ អ្នកគ្រូ នៅគ្រប់កន្លែងដែលមានវត្តមានសិស្ស (ដូចជាតំបន់តារាងកីឡា អាហារដ្ឋាន ជុំវិញបរិវេណបន្ទប់ទឹក ឬជ្រុងងងឹតនានាក្នុងសាលា) ដើម្បីកាត់បន្ថយឱកាសនៃការបង្កជម្លោះ។
  • ទី២.យន្តការសហការរវាងគ្រួសារ និងសាលារៀនតាមឌីជីថល៖ ឪពុកម្តាយត្រូវផ្តល់ភាពកក់ក្តៅ និងតាមដានរាល់ការប្រែប្រួលរបស់កូន។ លោកគ្រូ-អ្នកគ្រូ ត្រូវបន្តធ្វើជាភ្នែកជាច្រមុះ។ ដើម្បីឱ្យទំនាក់ទំនងនេះរហ័សទាន់ចិត្ត សាលាត្រូវរៀបចំការប្រជុំជជែកគ្នាជាទៀងទាត់រវាងឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រង ព្រមទាំងបង្កើតជាក្រុមតេឡេក្រាម (Telegram Group) ផ្លូវការ ដើម្បីងាយស្រួលទាក់ទងគ្នា ចែករំលែកព័ត៌មាន និងរាយការណ៍ពីអាកប្បកិរិយារបស់សិស្សទៅវិញទៅមកបានទាន់ពេលវេលា។
  • ទី៣.ការសម្រិតសម្រាំងគុណភាពបុគ្គលិកអប់រំ៖ គ្រឹះស្ថានសិក្សាត្រូវតែសម្រិតសម្រាំងលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង ដែលមានសមត្ថភាព គុណធម៌ វិជ្ជាជីវៈខ្ពស់ និងមានបេះដូងស្រឡាញ់សិស្សពិតប្រាកដ ដើម្បីធ្វើជាគំរូដ៏ល្អ (Role Model) និងជាបង្អែកដ៏កក់ក្តៅដល់សិស្សានុសិស្ស។
  • ទី៤.អាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធ៖ ត្រូវរឹតបន្តឹងការលក់ដូរគ្រឿងស្រវឹង បារី​អេឡិចត្រូនិក និងការបើកហាងហ្គេមអនឡាញនៅជិតបរិវេណសាលារៀន ព្រមទាំងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើងដែលបង្កការអសន្តិសុខសង្គម។
  • ទី៥.ក្រុមហ៊ុនបណ្តាញសង្គមយក្សៗ (Facebook, TikTok, Instagram)៖ ក្រសួងអប់រំនិងក្រសួងប្រៃសណីយ៍ គួរតែសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្កើតប្រព័ន្ធចម្រោះ (Algorithm) រឹតត្បិត ឬលុបចោលរាល់វីដេអូ សកម្មភាព ឬមាតិកាណាដែលបង្ហាញពីការវាយតប់គ្នា ឬភាពទំនើងរបស់សិស្សានុសិស្ស មិនឱ្យមានការចែករំលែកបន្ត ដែលជាគំរូអាក្រក់ដល់ក្មេងៗ។
  • ទី៦.ដៃគូអន្តរជាតិ៖ គាំទ្រការស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គម ដើម្បីស្វែងរកទិន្នន័យជាក់លាក់អំពីឫសគល់នៃបញ្ហាកុមារ និងយុវជននៅក្នុងយុគសម័យឌីជីថល ដើម្បីកសាងគោលនយោបាយការពារកុមារនិងយុវជនឱ្យមានប្រសិទ្ធភាពខ្ពស់។

សន្និដ្ឋាន

យុវជនគឺជាទំពាំងស្នងឫស្សី និងជាអនាគតសសរទ្រូងនៃប្រទេសជាតិ។ ការទប់ស្កាត់ភាពទំនើងមិនមែនជាការកាត់ផ្តាច់ឱកាសរបស់ពួកគេនោះទេ ប៉ុន្តែជាការតម្រង់ទិសដោយក្តីស្រឡាញ់ វិន័យ និងការទទួលខុសត្រូវ។ មានតែការរួមកម្លាំងគ្នាយ៉ាងពិតប្រាកដ ការដាក់ចេញរបាំងការពារសាលារៀនឱ្យបានហ្មត់ចត់ និងការដោះស្រាយឱ្យចំឫសគល់នៃបញ្ហាប៉ុណ្ណោះទេ ទើបយើងអាចលុបបំបាត់ភាពទំនើងនេះបានជាស្ថាពរ ហើយជួយឱ្យខឿនអប់រំរបស់កម្ពុជា ក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏បរិសុទ្ធ និងរឹងមាំពិតប្រាកដ ដែលល្អទាំងសុខភាពផ្លូវការនិងផ្លូវចិត្ត ចំណេះជំនាញ ទេពកោសល្យ ការគិតហ្មត់ចត់ ទាំងសីលធម៌និងគុណធម៌ សម្រាប់អនាគតជាអ្នកបន្តវេនការពារនិងកសាងជាតិយ៉ាងស័ក្តិសមបំផុត៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម