Connect with us

ព័ត៌មានជាតិ

នាយិកា ILO ប្រចាំកម្ពុជា ចាត់ទុកជំនាញ TVET ថា ជាយុទ្ធសាស្ត្រជាតិដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា

បានផុស

នៅ

លោកស្រី ស៊ាវយាន ឈាន នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET) ដោយលោកស្រី ចាត់ទុកថា ជាយុទ្ធសាស្ត្រជាតិដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានគូសបញ្ជាក់ថា ជំនាញ TVET មិនមែនគ្រាន់តែជាអត្ថប្រយោជន៍ធម្មតានោះទេ ប៉ុន្តែជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព។ ការគូសបញ្ជាក់បែបនេះរបស់នាយិកា ILO បានធ្វើឡើងនៅក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទិវាជាតិ TVET ក្នុងឆ្នាំនេះ គឺបានប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកស្រី ស៊ាវយាន ឈាន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រព័ន្ធជំនាញ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើតេស្តសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) សម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ។

លោកស្រី បានអំពាវនាវឱ្យមានការរួមគ្នាប្រែក្លាយការសន្ទនាទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍជំនាញប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណាម្នាក់ចោលឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម