ព័ត៌មានជាតិ
កម្ពុជាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ គណនីទូទាត់សងប្រាក់ ដើម្បីកាត់ផ្តាច់ឫសគល់បទល្មើសឆបោកតាមអនឡាញ
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានសហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដើម្បីការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។

តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។

ថ្លែងក្នុងពិធីបើក ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី គូសបញ្ជាក់ថា៖«ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ។ ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ»។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត សំណូមពរឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមាន ព្រមទាំងរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


