Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសថា ខ្លួននឹងគិតថ្លៃសេវា លើកប៉ាល់ ដែលឆ្លងកាត់ច្រក Hormuz

បានផុស

នៅ

ក្រោយសេតវិមាន ប្រកាសពីការចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច, ស្រាប់តែទីក្រុងតេហេរ៉ង់ ចេញមកបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងចាប់ផ្តើម គិតថ្លៃលើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ថ្ងៃ។

ច្រក Hormuz (រូប៖ Reuters)

លក្ខខណ្ឌពាក់ព័ន្ធផ្លូវទឹកដ៏សំខាន់នេះ ត្រូវបានចែងក្នុងកថាខណ្ឌទី៥ នៃ MoU បញ្ចប់សង្គ្រាម ប៉ុន្តែប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រាប់ថា ក្រោយ៦០ថ្ងៃនៃ MoU នេះ ច្រក Hormuz នឹងមិនត្រឡប់ ទៅរកស្ថានភាពដូច មុនពេលមានសង្រ្គាមវិញ បានឡើយ។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក Ghalibaf ថ្លែងថា វាមិនអាចដូចដើមវិញបាននោះទេ។ អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាព លើច្រក Hormuz ហើយទីក្រុងតេហេរ៉ង់ នឹងយកកម្រៃ សម្រាប់សេវាផ្សេងៗ។ អ៊ីរ៉ង់ នឹងទាមទារសិទ្ធិរបស់ខ្លួន។

លោក Mohammad Bagher Ghalibaf (រូប៖ Reuters)

សូមបញ្ជាក់ជាថ្មី នៅក្នុង ខ ទី៥ នៃ MoU រវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់, ក្រោយការចុះហត្ថលេខាលើ MOU នេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ចាប់ពីឈូងសមុទ្រពែរ្ស ទៅដល់សមុទ្រអូម៉ង់។ 

ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម នឹងចាប់ផ្តើមភ្លាមៗ ដោយពិចារណា លើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេស និងយោធា ខណៈការបោសសម្អាតមីនដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ។

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក៏នឹងធ្វើកិច្ចសន្ទនាជាមួយស្តេចស៊ុលតង់ នៃប្រទេសអូម៉ង់ផងដែរ ដើម្បីកំណត់អំពីការគ្រប់គ្រង និងសេវាដែនសមុទ្រ នាពេលអនាគតនៅច្រក Hormuz ដោយមានការពិភាក្សាជាមួយរដ្ឋជាប់ឆ្នេរឈូងសមុទ្រពែរ្សផ្សេងទៀត ឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ជាប់ច្រកសមុទ្រ Hormuz៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម