Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះចំណងទាក់ទងកម្ពុជា-បេឡារុស ដែលត្រូវពង្រីកផ្នែកពាណិជ្ជកម្ម វិនិយោគ

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបេឡារុស ហើយសម្ដេចចង់ឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តជំរុញបន្ថែមទៀតទៅលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយល់ឃើញបែបនេះរបស់សម្ដេចតេជោ គឺបានធ្វើឡើងក្នុងពេលដែលទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា លោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។

បើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែននិងលោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដោយសម្ដេចតេជោ រំពឹងថា ទំនាក់ទំនងទ្វេភាគីនេះ នឹងត្រូវពូនជ្រុំឱ្យកាន់តែរឹងមាំជាលំដាប់។ សម្រាប់លោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នាដូច្នេះហើយប្រទេសទាំងពីរ ត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា ដែលក្នុងនោះ លោក បានសង្កត់ធ្ងន់ដល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ លោក ថា ប្រទេសទាំងពីរត្រូវតែជំរុញផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយគ្នាឱ្យមានការកើនឡើង ខណៈលោកបានបង្ហាញឱ្យដឹងពីការចាប់អារម្មណ៍របស់បេឡារុសទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្ម។

លោក ក៏ចង់ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-បេឡារុស ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ហើយក៏ជាការជំរុញដល់វិស័យទេសចរណ៍។ បន្ថែមពីនេះ លោក បានរំលេចផងដែរពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជានិងបេឡារុសឱ្យមានការកើនឡើងបន្ថែមទៀត។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ជុំវិញការជំរុញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងកម្ពុជា និងបេឡារុស។

សម្ដេច បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ ក៏ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀត ធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម