ព័ត៌មានអន្ដរជាតិ
កិច្ចចរចាសន្តិភាព អាមេរិក-អ៊ីរ៉ង់ ជុំទី១ បញ្ចប់ទៅ ជាមួយ «វឌ្ឍនភាព»
ដ្បិតមានភាពរកាំរកូស និងការប៉ះសម្តីគ្នាខ្លះ អំឡុងកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ប៉ុន្តែភាគីសម្របសម្រួលគឺប៉ាគីស្ថាន និងកាតា ប្រកាសថា កិច្ចពិភាក្សាជុំទី១នេះ បានបញ្ចប់ទៅ ពោរពេញដោយ «វឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់» ពោលគឺ បានផលល្អ។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ប៉ាគីស្ថាន និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមថា៖ «គណៈកម្មាធិការកម្រិតខ្ពស់មួយ បានព្រមព្រៀងគ្នាលើ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាន នូវកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេល ៦០ថ្ងៃ»។
យោងតាមប្រភពដដែល, គណៈប្រតិភូ ដែលខាងអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី JD Vance និងខាងអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា Mohammad Bagher Ghalibaf សម្រេចបាននូវយន្តការរចនាសម្ព័ន្ធ និងសន្តិសុខសំខាន់ៗមួយចំនួន ដូចជា៖
អង្គភាពត្រួតពិនិត្យនយោបាយចម្បងមួយ ត្រូវបានបង្កើតឡើង ដែលក្រុមប្រធានអ្នកចរចា នឹងរាយការណ៍ជូនអង្គភាពនេះជាទៀងទាត់ ហើយនឹងដឹកនាំក្រុមការងារគោលដៅ ដែលផ្តោតលើបញ្ហានុយក្លេអ៊ែរ ទណ្ឌកម្មសេដ្ឋកិច្ច ហើយតាមដានឃ្លាំមើល និងការដោះស្រាយវិវាទ។

ភាគីទាំងពីរ បានព្រមព្រៀងគ្នាបង្កើតក្រុមរួមមួយ ដោយមានការចូលរួមពីប្រទេសលីបង់ និងក្រុមអ្នកសម្របសម្រួល ដើម្បីតាមដានឃ្លាំមើល និងអនុវត្តការបញ្ឈប់ប្រតិបត្តិការយោធា រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
លើសពីនេះ ខ្សែទំនាក់ទំនងផ្ទាល់មួយ ក៏ត្រូវបានបើកឡើង ដើម្បីបង្ការការវាយតម្លៃខុស និងធានាឲ្យបាន នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រាប់កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រ Hormuz ផងដែរ។
មិនត្រឹមប៉ុណ្ណឹង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថ្លែងថា វឌ្ឍនភាពដែលសម្រេចបាន ក៏រួមមានការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ, ដកការបិទខ្ទប់ផ្លូវសមុទ្រ បញ្ចេញទ្រព្យសម្បត្តិបង្កកអ៊ីរ៉ង់មួយចំនួន និងការចាប់ផ្តើមផែនការស្តារឡើងវិញដ៏ធំមួយ ផងដែរ។

មុននេះ កិច្ចពិភាក្សាប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាម វាយប្រហារអ៊ីរ៉ង់ឲ្យធ្ងន់.ក ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រង ច្រក Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។ លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនទប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។
តវ៉ាចំពោះការគំរាមរបស់លោកត្រាំ! គណៈប្រតិភូអ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា ហើយប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជា សញ្ញានៃ «ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញ រួចជាស្រេចអស់ហើយ សម្រាប់ការការប្រឈមមុខ តទល់គ្នា។
សូមជម្រាបថា កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទីក្រុង Bürgenstock នៃប្រទេសស្វីស ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខា។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងជាទម្រង់ចតុភាគី គណៈភាគីចម្បងគឺអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី JD Vance រួមដំណើរដោយប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ គឺ Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺ Jared Kushner។
ចំណែកគណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi។
ទន្ទឹមនោះ ក៏មានការចូលរួមពីសំណាក់ អ្នកសម្របសម្រួលសកលសំខាន់ៗ ផងដែរ ដូចជា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif, នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani និង ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Rafael Grossi ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


