Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឱ្យខណ្ឌទាំង១៤ ជំរុញចលនាប្រជាពលរដ្ឋផ្តល់ព័ត៌មានក្នុងករណីសង្ស័យមានប្រព្រឹត្តបទល្មើស

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យរដ្ឋបាលខណ្ឌទាំង១៤ ជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញ ឬសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុង
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជធានី អភិបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងរួច ក៏មានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួន ក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។

លោកស្រីអ្នកនាំពាក្យបន្តថា ដើម្បីជាធាតុចូល និងការបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ លោក ឃួង ស្រេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល ជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តអនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះរដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។ ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថា ការបោសសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម