Connect with us

ព័ត៌មានជាតិ

វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

វៀតណាមបានលើកឡើងពីការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ខណៈវៀតណាមកំពុងបន្តតាមដានចំពោះការវិវត្តជុំវិញជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះ។ ការលើកឡើងបែបនេះបានធ្វើឡើងដោយមេបញ្ជាការការពារអាកាសរបស់វៀតណាម ឧត្តមសេនីយ៍ទោ វូ ហុងសឺន ក្នុងពេលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) បានគូសបញ្ជាក់នៅក្នុងជំនួបនោះថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា និងថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

លោកអគ្គមេបញ្ជាការ បានស្នើឱ្យវៀតណាម បន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបានយូរអង្វែង។

គួរកត់សម្គាល់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាលើការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាឱ្យកាន់តែជម្រៅបន្ថែមទៀត។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាស ឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយបានលើកឡើងថា នាយទាហានកម្ពុជាមួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម​ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។

ឧត្តមសេនីយ៍ទោ វូ ហុងសឺង កំពុងដឹកនាំគណៈប្រតិភូនៃបញ្ជាការកងការពារអាកាសវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូ បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម