Connect with us

ព័ត៌មានជាតិ

កម្ពុជា ជួបព្យុះមួយទៀត ស្របពេលដែលព្យុះទី៧ មិនទាន់អស់ឥទ្ធិពល

បានផុស

នៅ

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងជួបព្យុះពីរក្នុងពេលតែមួយ គឺជាព្យុះទី៧ និងព្យុះទី៨ ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ខណៈមន្ត្រីជំនាញប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

តាមការរប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រលប់ថ្ងៃទី២៣មិថុនា ព្យុះទី៨ ដែលទើបនឹងកើតនេះ មានឈ្មោះ ហ៊ីហ្គោស (Higos) T2608 កើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលគន្លងផ្លូវដើររបស់ព្យុះនេះ ស្របនឹងព្យុះទី៧ ឈ្មោះ មេខឡា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ជាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ តែបើតាមក្រសួងធនធានទឹក ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។

តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករខាងលើ ក្រសួងធនធានទឹកបានប្រកាសឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម