ព័ត៌មានអន្ដរជាតិ
របាយការណ៍ UN ៖ អ៊ីស្រាអែល សម្លាប់កុមារប៉ាឡេស្ទីន នៅហ្គាហ្សា ដោយចេតនា
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ(UN) បានលើកឡើងថា អ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាលើកុមារប៉ាឡេស្ទីន អំឡុងពេលយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា បណ្តាលឱ្យមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Independent នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។
របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ រៀបរាប់ថា អាជ្ញាធរអ៊ីស្រាអែល និងកងកម្លាំងសន្តិសុខបានកំណត់គោលដៅដោយចេតនា និងដៅយ៉ាងច្បាស់លើកុមារប៉ាឡេស្ទីន ទោះបីជាបទឈប់បាញ់បានចូលជាធរមានក្នុងខែតុលា ឆ្នាំ២០២៥ ក៏ដោយ។

របាយការណ៍បន្តថា៖ « កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពដោយចេតនា ធ្វើឱ្យស្លាប់ របួសធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្តលើកុមារប៉ាឡេស្ទីនរាប់រយរាប់ពាន់នាក់។ ការប្រព្រឹត្តបែបនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដោយចេតនា ដើម្បីបំផ្លាញអនាគតរបស់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា»។
របាយការណ៍ដដែលរកឃើញថា ប្រហែល ៣០ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅហ្គាហ្សាគឺជាកុមារ ដោយមានចំនួនអ្នកស្លាប់សរុបយ៉ាងហោចណាស់ ២០ ១៧៩នាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ។
របាយការណ៍របស់គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់ UN ស្តីពីទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងក្រុងយេរូសាឡឹមខាងកើត និងអ៊ីស្រាអែល បានពិនិត្យមើលការរំលោភបំពានលើកុមារប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
របាយការណ៍មុនមួយ ចេញផ្សាយដោយគណៈកម្មការ UN កាលពីខែកញ្ញាឆ្នាំមុនរកឃើញថា អ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយទង្វើទាំងនោះត្រូវបានញុះញង់ដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំង នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ផងដែរ។
ក្រោយចេញរបាយការណ៍នេះ អ៊ីស្រាអែលហៅថាជា « បរិហារកេរ្តិ៍ និងបំភ្លៃទាំងស្រុង»។
យោងតាម ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់ UN លោក Srinivasan Muralidhar ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ភ្ជាប់ជាមួយរបាយការណ៍ ថា៖ « ភស្តុតាងបង្ហាញថា កុមារប៉ាឡេស្ទីនត្រូវបានកងកម្លាំងសន្តិសុខអ៊ីស្រាអែលកំណត់គោលដៅ និងសម្លាប់ដោយចេតនា។ ការវាយប្រហារបែបនេះ បានសម្លាប់កុមារក្នុងចំនួនច្រើន វាគឺជាការវាយប្រហារដោយចេតនា»។
តែភាគីអ៊ីស្រាអែលបានបដិសេធ ចំពោះរបាយការណ៍នេះជាលើកទីពីរ ហើយចោទអង្គការសហប្រជាជាតិពីបទបរិហាកេរ្តិ៍ ថែមទាំងនិយាយថាកុមារគ្រប់រូបសមទទួលបានការការពារ។
គណៈកម្មការបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានបន្តប្រើប្រាស់គ្រាប់រំសេវ និងអាវុធមានទម្ងន់ខ្ពស់ដែលមានឥទ្ធិពលយ៉ាងទូលំទូលាយក្នុងតំបន់លំនៅឋានមានប្រជាជនរស់នៅច្រើន ទោះបីជាមានកុមារស្លាប់ និងរបួសកើនឡើងក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


