Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកកោះអណ្ដែត ជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាការចែកចាយទឹកប្រកបដោយតម្លាភាព

បានផុស

នៅ

ដើម្បីធានាការផ្គត់ផ្គង់ទឹកស្រោចស្រពឱ្យបានគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត ខេត្តតាកែវ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ទាន់មួយជាមួយសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយលេខ៩០ ដើម្បីស្វែងរកដំណោះស្រាយលើការគ្រប់គ្រង និងបែងចែកប្រភពទឹកឱ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះបានធ្វើឡើងនៅស្ថានីយបូមទឹកប្រឡាយលេខ៤២ ដោយមានការចូលរួមពីអភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរឃុំ គណៈកម្មការសហគមន៍ និងអ្នកម៉ៅការចែកចាយទឹក ផង​ដែរ​។

ថ្លែងក្នុងកិច្ចប្រជុំ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ទឹកគឺជាកត្តាស្នូលសម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ សហគមន៍គ្រប់គ្រងទឹក និងអ្នកម៉ៅការចែកចាយទឹក បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាការចែកចាយទឹកប្រកបដោយតម្លាភាព និងសមធម៌។

លោក ភួន ឈីម ក៏បានណែនាំឱ្យរៀបចំកាលវិភាគចែកចាយទឹកឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការដណ្ដើមទឹកគ្នា និងការខ្វះខាតទឹកនៅតំបន់ចុងប្រឡាយ ដែលអាចបង្កផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។

ជាមួយគ្នានេះ លោកបានអះអាងថា រដ្ឋបាលស្រុកនឹងបន្តតាមដាន និងអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមនានាជាបន្តបន្ទាប់ ដើម្បីធានាឱ្យស្ថានីយបូមទឹកប្រឡាយលេខ៩០ និងប្រឡាយលេខ៤២ ដំណើរការបានរលូន និងបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដោយស្មើភាព។

ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសយោគយល់ និងសហការល្អ ដោយភាគីពាក់ព័ន្ធទាំងអស់បានឯកភាពលើយន្តការថ្មីសម្រាប់ការបែងចែកទឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ និងធានាការបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពនៅរដូវកាលខាងមុខ៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម