Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ស្នើលុយជាង ៨៧ពាន់លានដុល្លារ ខណៈ​រដ្ឋសភាស្រែកថា «បរាជ័យ» ក្នុង​សង្គ្រាម

បានផុស

នៅ

សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ ទោះបីជាកំពុងស្ថិតក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ប៉ុន្តែផ្សែងសង្រ្គាមនយោបាយនៅក្នុងវិមានកាពីតូល កំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក។ កាលពីថ្ងៃពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ សេតវិមាន បានដាក់សំណើជាផ្លូវការទៅកាន់រដ្ឋសភា ដើម្បីសុំអនុម័តកញ្ចប់ថវិកាដ៏មហាសាលរហូតដល់ទៅ ៨៧,៦ពាន់លានដុល្លារ ដែលភាគច្រើនគឺយកទៅប្រើប្រាស់លើ «តម្រូវការបន្ទាន់» ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការផ្សាយរបស់​សារព័ត៌មាន BBC សំណើនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាទើបតែបានបោះឆ្នោតទាត់ចោល និងព្រមានលោក ត្រាំ រឿងប្រើប្រាស់កម្លាំងយោធាធ្វើសង្រ្គាមនេះ។

បើតាមការទម្លាយពីសេតវិមាន លុយធំជាងគេ គឺប្រហែល ៦៧ពាន់លានដុល្លារ នឹងត្រូវកាត់ទៅឱ្យក្រសួងការពារជាតិ ដោយនៅក្នុងនោះមាន ២១ពាន់លានដុល្លារ សម្រាប់ទិញគ្រាប់រំសេវ បំពេញឃ្លាំងឡើងវិញ ១៧,៣ពាន់លានដុល្លារ សម្រាប់ថ្លៃប្រតិបត្តិការទូទៅ និង ១២,១ពាន់លានដុល្លារទៀត សម្រាប់កម្មវិធីចារកម្ម។ ចំណែកលុយដែលនៅសល់ គឺយកទៅប្រើលើរឿងផ្សេងមិនទាក់ទងនឹងសង្រ្គាមទេ ដូចជា ជួយដល់កសិករអាមេរិកចំនួន ១១ពាន់លានដុល្លារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតអេបូឡា (Ebola) នៅអាហ្វ្រិកកណ្តាលចំនួន ១,៤ពាន់លានដុល្លារ។

យ៉ាង​ណាមិញ សំណើនេះ កំពុងតែជួបឧបសគ្គធំដូចភ្នំនៅក្នុងសភា ព្រោះប្រជាជនអាមេរិក មិនពេញចិត្តនឹងសង្រ្គាមអ៊ីរ៉ង់នេះទាល់តែសោះ ហើយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក៏ជិតចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះទៀត។ នៅក្នុងលិខិតផ្លូវការផ្ញើទៅកាន់ប្រធានរដ្ឋសភា លោក Mike Johnson សេតវិមានបានសរសេរថា «លុយភាគច្រើននេះ គឺដើម្បីដោះស្រាយតម្រូវការបន្ទាន់ ក្នុងប្រតិបត្តិការ Epic Fury»។ ក្រៅពីនេះ គេក៏ត្រូវការលុយប្រហែល ៣០០លានដុល្លារទៀត ដើម្បីពង្រឹងសន្តិសុខនៅតាមស្ថានទូតអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង បន្ទាប់ពីស្ថានទូតខ្លះ រងការវាយប្រហារអំឡុង​ពេល​សង្រ្គាម។

រឿងថវិកានេះ បានធ្វើឱ្យសមាជិកសភាខាងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ខ្លួនឯង ចាប់ផ្តើមសង្ស័យលើផែនការសន្តិភាពដែលលោក ត្រាំ បានព្រមព្រៀងជាមួយអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ កាលពីថ្ងៃពុធ លោក ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំដ៏តានតឹងមួយជាមួយសមាជិកព្រឹទ្ធសភាខាងបក្សខ្លួនឯង ហើយលោកបានរអ៊ូរទាំយ៉ាងខ្លាំង រឿងសភាបោះឆ្នោតកាត់បន្ថយអំណាចសង្រ្គាមរបស់លោក។ លោក ត្រាំ ខឹងខ្លាំងរហូតដល់ថ្នាក់បង្ហោះលើបណ្តាញសង្គម ជេរដៀលសមាជិកព្រឹទ្ធសភាបក្សខ្លួនឯង ៤រូប ដែលបោះឆ្នោតជាមួយបក្សប្រឆាំងថាជា «ពួកចាញ់ច្រាបគេ»។

លោក Bill Cassidy សមាជិកព្រឹទ្ធសភាម្នាក់ក្នុងចំណោមអ្នកទាំង ៤នោះ បាន​ប្រាប់អ្នកកាសែតថា លោក និងប្រធានាធិបតី បានស្រែកដាក់គ្នាចំៗ នៅក្នុងកិច្ចប្រជុំបិទទ្វារនោះ។ លោក Cassidy បាននិយាយថា «ខ្ញុំបានក្រោកឈរ ហើយនិយាយទៅកាន់លោក ត្រាំ ថា លោកមិនដែលប្រាប់ប្រជាជនអាមេរិកឱ្យដឹងការពិតពីអ្វីដែលកំពុងកើតឡើងនោះទេ។ សង្រ្គាមនេះ ដំបូងឡើយថា ធ្វើតែ ៤សប្តាហ៍ទេ តែឥឡូវវាអូសបន្លាយដល់ ៤ខែទៅហើយ ហើយគោលដៅដំបូងរបស់យើង ក៏ធ្វើមិនទាន់បានសម្រេចដែរ»។

សូម​ជម្រាប​ថា បើទោះបីជាកាលពីខែមុន ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រសួងការពារជាតិ លោក Jules Hurst បានរាយការណ៍​ថា សង្រ្គាមនៅ​អ៊ីរ៉ង់ បានចំណាយអស់ប្រាក់ប្រហែល ២៩ពាន់លានដុល្លារ ប៉ុន្តែក្រុមអ្នកវិភាគការពារជាតិ និងសមាជិកសភាជាច្រើនរូប បានអះអាងដូចៗគ្នាថា ការប៉ាន់ស្មាននេះគឺនៅតិចតួចពេកណាស់ ហើយវាមិនទាន់បានឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតហិរញ្ញវត្ថុពិតប្រាកដទាំងស្រុង ដែលបង្កឡើងដោយជម្លោះមួយនេះនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម