Connect with us

ព័ត៌មានជាតិ

បាតុភូតខ្យល់កន្ត្រាក់ បោកបក់ផ្ទះពលរដ្ឋមួយខ្នងនៅស្រុកព្រៃកប្បាសដួលរលំទាំងស្រុង

បានផុស

នៅ

ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយខ្នងរលំទាំងស្រុង នៅភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃដដែល លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស រួមជាមួយសហការី និងអាជ្ញាធរឃុំ-ភូមិ បានចុះពិនិត្យទីតាំងរងគ្រោះដោយផ្ទាល់ ដើម្បីវាយតម្លៃការខូចខាត និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានចាត់ឱ្យអាជ្ញាធរគ្រប់ឃុំទូទាំងស្រុក ចុះត្រួតពិនិត្យស្ថានភាពផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ដើម្បីប្រមូលព័ត៌មាន និងត្រៀមវិធានការជួយសង្គ្រោះបន្ទាន់។

ដោយមើលឃើញពីការលំបាករបស់គ្រួសាររងគ្រោះ លោក គិន ភក្ដី បាននាំយកអំណោយឧបត្ថម្ភភ្លាមៗ ដល់ម្ចាស់ផ្ទះដែលរលំទាំងស្រុង រួមមាន អង្ករ មុង ភួយ កន្ទេល ទឹកផ្លែឈើ មី និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន។

អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបន្តកើតមានក្នុងរដូវវស្សានេះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមិថុនា បានប្រកាសថា ព្យុះទី៧ និងទី៨ នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គរន្ទះ។ តាមរយៈការជូនដំណឹង ក្រសួងធនធានទឹក ក៏ប្រកាសឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតគ្រោះធម្មជាតិផ្គររន្ទះ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម