Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងត្បូងថៃ វឹកវរខ្លាំង! ផ្ទុះការវាយប្រហារធំៗ ២ខេត្ត ផ្សេងគ្នា ក្នុងថ្ងៃតែមួយ

បានផុស

នៅ

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ អត់ថមថយទេ ពោលគឺកើតមានការវាយប្រហារជាបន្តបន្ទាប់។ ជាពិសេស កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក៏កើតមានការវាយប្រហារធំៗ ចំនួន២ខេត្ត ផ្សេងគ្នា រុញស្ថានការណ៍ឲ្យកាន់តែវឹកវរខ្លាំងឡើងៗ។

(រូប៖ Amarin)

តាមការផ្សាយរបស់ទូរទស្សន៍ Amarin, ការវាយប្រហារទីមួយ កើតឡើងនៅភូមិ Khao Din នៃឃុំ Paku ស្រុក Thung Yang Daeng ខេត្ត Pattani ដោយគ្រាប់បែកមួយគ្រាប់ មានទម្ងន់ ១៥គីឡូក្រាម បានផ្ទុះនៅមុខសាលាសាសនាមួយ បណ្តាលឲ្យអ្នកភូមិ ៤នាក់ ត្រូវរបួស។

កងកម្លាំងសន្តិសុខថៃ បញ្ជាក់ថា គ្រាប់បែកនោះ ត្រូវបានគេប្លុងចោលនៅចិញ្ចើមផ្លូវ ហើយចង្អុលចំៗ ទៅក្រុមផ្តាច់ខ្លួន ថាជាអ្នកនៅពីក្រោយរឿងនេះ ជាមួយគោលបំណង បង្កចលាចល។

(រូប៖ Amarin)

ចំណែកការវាយប្រហារមួយទៀត កើតឡើងក្នុងខេត្ត Yala ជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួន ដូចគ្នា ដែលពួកគេមួយក្រុម មានគ្នា ៨-១០នាក់ ប្រដាប់ដោយកាំភ្លើងវែង ស្លៀកពាក់បន្លំជាឯកសណ្ឋានយោធា បានដុតបំផ្លាញ រថយន្តដឹកទំនិញមួយគ្រឿង ខ្ទេចទាំងស្រុង។

មុនការវាយប្រហារនោះ ពួកគេបានបិទផ្លូវជាតិលេខ ៤១០ ដែលតភ្ជាប់ខេត្ត Yala ទៅតំបន់ Betong។ រួចពួកគេក៏ ឃាត់រថយន្តដឹកទំនិញធុនធំមួយគ្រឿងឲ្យឈប់ ដែលនោះជារថយន្តរបស់ក្រុមហ៊ុន ដឹកជញ្ជូនទំនិញពីទីក្រុងបាងកក ទៅ Hat Yai និង (Betong) ដោយមានផ្ទុកអង្ករចំនួន ២៥០ ការ៉ុង រួមជាមួយទំនិញប្រើប្រាស់ និងអាហារក្រៀម។  ចុងក្រោយពួកគេ ក៏ដុតកម្ទេចរថយន្តនេះ តែម្តង បង្កជាការផ្ទុះយ៉ាងកក្រើក ថែមទៀតផង។

(រូប៖ Amarin)

មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។ 

(រូប៖ Amarin)

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម