Connect with us

ព័ត៌មានជាតិ

ស្ថានីយ​បណ្តុះកូនឈើ ១១ កន្លែង នៅ​តំបន់​អង្គរ​មួយ​ឆ្នាំៗ​បណ្តុះ​និង​ចែក​កូន​ឈើ​ពលរដ្ឋ​ដាំ​បាន​ប្រមាណ ១០ ម៉ឺន​ដើម

បានផុស

នៅ

ស្ថានីយ​បណ្ដុះ​កូន​ឈើ​ចំនួន ១១ កន្លែង នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​លទ្ធភាព​បណ្ដុះ​កូនឈើ​បាន​ជាង ១០ ម៉ឺន​ដើម ដើម្បី​ចែក​ជូន​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​ដើម្បី​ស្ដារ​និង​បង្កើត​គម្រប​បៃតង។

លោក ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃអាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា នៅក្នុងតំបន់អង្គរ តាមការស្រាវជ្រាវរកឃើញមាន​ប្រភេទ​រុក្ខជាតិតូចធំ​ប្រហែល​ជាង ១៥០ ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា តាម​រយៈ​ស្ថានីយ​បណ្តុះ​កូនឈើ​ចំនួន ១១ កន្លែងក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្នុង​មួយឆ្នាំៗ​មាន​លទ្ធភាពបណ្តុះ​កូនឈើ​បាន​ប្រមាណ ១០ ម៉ឺនដើម ដើម្បីចែកជូនពលរដ្ឋ​យកទៅដាំ​ ខណៈ​​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ បាន​ដាំនិង​ចែកចាយ​កូន​ឈើ​អស់​ជិត ៣ លាន​ដើម។

លោក ជូ រ៉ាឌីណា បន្ត​ថា ចាប់ពីពេល​នេះ រហូត​ដល់ពាក់​កណ្តាលខែ​កញ្ញា ដែល​ជាអំឡុង​ពេល​រដូវវស្សា​អំណោយ​ផល​ដល់​ការលូតលាស់របស់​កូនឈើ អាជ្ញាធរ​នឹង​ផ្តល់​កូនឈើ​ជូន​សាធារណជន​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ តាមរយៈការដាក់ពាក្យស្នើសុំ។

ដើមឈើធំៗ​នៅតំបន់អង្គរ​ប្រឈម​នឹងហានិភ័យខ្ពស់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ជា​ពិ​សេស​នៅរដូវវស្សា​ដែល​មានខ្យល់​បោកបក់ និង​ភ្លៀងធ្លាក់​ខ្លាំង ដែល​បណ្ដាល​ឱ្យមានការ​បាក់មែក ឬ​ដួល​រលំ​ដើម​ឈើ។

លោក ជូ រ៉ាឌីណា គូសបញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ហានិភ័យ ក្រុមការងារ​អាជ្ញាធរ​ជាតិអប្សរា​តែងតែ​ចុះ​ពិនិត្យ និង​តាមដាន​ដើមឈើ​ជា​ប្រចាំ ព្រម​ទាំង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ពាក់ព័ន្ធ​កិច្ច​ការ​អភិរក្ស​នៅក្នុង​តំបន់​អង្គរ​ ក្រោមកិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ រួមទាំងអង្គការ​ដៃគូ សត្វព្រៃជាច្រើន​ប្រភេទ​​ត្រូវ​បាន​ដោះលែងនៅតំបន់រមណីយដ្ឋានអង្គរ​ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉ែ និងដែល​​កំពុងបង្កើនចំនួនឡើងវិញដូចជា ទោច​មកុដ ឈ្លូស, ស្វាព្រាម, កេងកងតូច, កេងកង​ធំ និង ក្ងោកព្រៃ ជាដើម។

លោក ជូ រ៉ាឌីណា បានអះអាង​ថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់អង្គរ ឥឡូវនេះ​មិនត្រឹម​តែ​អាច​ទស្សនា​ប្រាសាទ និង​ដើមឈើ​ប៉ុណ្ណោះ​ទេ ថែមទាំងអាចទស្សនាសត្វព្រៃទាំងនេះបានផងដែរ។

បើតាមមន្រ្តីអាជ្ញាធរ​ជាតិអប្សរា ការដោះលែងសត្វនៅតំបន់អង្គរ មិនមែនជាការចិញ្ចឹមតាមបែបសួនសត្វនោះទេ គឺ​សត្វមាន​សេរីភាពពេញលេញក្នុងការរស់នៅ និងស្វែងរកចំណីក្នុងធម្មជាតិ។

លោកលើកឡើងដូច្នេះថា «គេបាន​ប្រទះឃើញ សត្វភេ​ជាង ១០ក្បាល ដើរលេងយ៉ាងសេរីនៅម្ដុំខ្លោងទ្វារខ្មោច ហើយ​ពេលខ្លះ​ពួកវាបាន​ធ្វើដំណើរស្វែងរកចំណី​រហូតដល់ប្រាសាទបន្ទាយស្រី ឬតំបន់ព្រលានយន្តហោះ។ ចំណែកឯសត្វកេងកងធំដែលបានដោះលែងនៅអង្គរ ខ្លះបានហោះហើរ​យ៉ាង​ឆ្ងាយរហូត​ដល់ក្រុងឯណោះ»។

តាមរយៈភាព​ជោគជ័យនេះ លោក ជូ រ៉ាឌីណា បាន​បញ្ជាក់​ថា អាជ្ញាធរចង់រៀបចំឱ្យរមណីយដ្ឋាន​អង្គរក្លាយ​ជាគំរូដ៏ល្អមួយ​សម្រាប់ការងារអភិរក្ស និងដោះលែង​សត្វព្រៃ ដើម្បីអាចយក​ទៅអនុវត្ត​នៅ​តាម​ទីតាំង​ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម