Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសអាសន្នពីរលកកម្តៅខ្លាំងបំផុត ជាប្រវត្តិសាស្រ្ត ពេញមួយសប្តាហ៍, អាចគ្រោះថ្នាក់ដល់ពលរដ្ឋ ១៤០លាននាក់

បានផុស

នៅ

សហរដ្ឋអាមេរិក បានចេញការព្រមាន អំពីរលកកម្តៅដ៏ខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ដែលនឹងវាយប្រហារតំបន់ភាគច្រើន នៅដើមខែកក្កដា ធ្វើឲ្យមនុស្សជាង ១៤០លាននាក់ ស្ថិតក្នុងការប្រកាសអាសន្ន ព្រោះតែហានិភ័យគ្រោះថ្នាក់។

(រូប៖ Reuters)

តាមការផ្សាយរបស់ NBC News ដែលដកស្រង់សេចក្តីប្រកាសរបស់សេវាអាកាសធាតុជាតិ កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាកាសធាតុក្តៅបំបែកកំណត់ត្រា នឹងគ្របដណ្តប់លើតំបន់ភាគអាគ្នេយ៍, ភាគកណ្តាលឆៀងខាងលិច និងភាគខាងកើត ពេញមួយសប្តាហ៍ មុនដល់ទិវាឯករាជ្យជាតិអាមេរិក ៤កក្កដា។

ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា បណ្តាទីក្រុងនានាដូចជា Chicago, Detroit, St. Louis, Dallas និងNashville បានជួបប្រទះនូវស្ថានភាពកម្តៅអាក្រក់បំផុតរួចទៅហើយ នៅដើមសប្តាហ៍នេះ ដោយសីតុណ្ហភាពដែលមនុស្ស «មានអារម្មណ៍ថាក្តៅ» បានហក់ឡើងរហូតដល់ ៤៣°C។

(រូប៖ Reuters)

រលកកម្តៅនេះ នឹងរីករាលដាលឆ្ពោះទៅទិសខាងកើត នៅពាក់កណ្តាលសប្តាហ៍។ នៅត្រឹមថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទីក្រុងញូវយ៉ក ត្រូវគេព្យាករណ៍ថា នឹងមានសន្ទស្សន៍កម្តៅ ឡើងដល់ ៤២°C ខណៈ រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី អាចឡើងដល់ ៤០°C។

ដោយសាររលកកម្តៅនេះ អាជ្ញាធរក៏ចេញការព្រមានដែរ អំពីលក្ខខណ្ឌគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ ដែលរាលដាលយ៉ាងលឿន ដោយសារតែការជំរុញពីកម្រិតសំណើមទាបបំផុត និងខ្យល់បោកបក់ខ្លាំង។

(រូប៖ Reuters)

រលកកម្តៅនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធបរិយាកាសខ្ពស់ដ៏ធំមួយ ដែលដើរតួដូចជា «គម្របឆ្នាំង» ឃុំឃាំងម៉ាសខ្យល់ក្តៅឲ្យនៅទ្រឹង ផ្សំជាមួយសំណើមហប់មកពីភាគខាងត្បូង។ ស្ថានភាពនេះ ថែមទាំងរារាំងមិនឲ្យសីតុណ្ហភាពធ្លាក់ចុះត្រជាក់ នាពេលយប់ផងដែរ ដែលបង្កជាសម្ពាធកម្តៅជាប់ៗគ្នាច្រើនថ្ងៃ។

ការព្រមាននៅអាមេរិក កើតឡើងបន្ទាប់ពីនៅប្រទេសបារាំងឯណោះ រលកកម្ដៅដែល​ហក់​ឡើង​ដល់ ៤៤​°C បានឆក់យកអាយុជីវិតមនុស្ស ប្រហែល ១ ០០០នាក់ ក្នុងរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

(រូប៖ Reuters)

ភ្នាក់ងារសុខាភិបាលជាតិបារាំង រាយការណ៍ថា ភាគច្រើននៃអ្នកស៊ូទ្រាំនឹងកម្ដៅមិនរួចទាំងនេះ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្មើនឹង ៨៥% ហើយពួកគេ ស្លាប់នៅតាមផ្ទះរៀងៗ​ខ្លួន ជាពិសេសក្នុងទីក្រុងប៉ារីស ដែលជាកន្លែងក្ដៅខ្លាំងជាងគេ រហូតដល់ថ្នាក់រដ្ឋាភិបាលប្រកាសអាសន្ន «ពណ៌ក្រហម»។

ក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក ពន្យល់ថា កម្ដៅដ៏សាហាវដែលមិនធ្លាប់មាននេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ វាបានក្លាយជា «ឃាតកលាក់មុខ» ព្រោះផ្ទះសម្បែងរបស់ប្រជាជនបារាំង និងអឺរ៉ុប មិនត្រូវបានសាងសង់ឡើង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ក្តៅ​បែបនេះឡើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម