ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ប្រកាសចូលស្រុកវិញ ក្រោយប្រទេសកើតមានគ្រោះរញ្ជួយដីដ៏កាចសាហាវ
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រកាសថា លោកស្រីមានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីចូលរួមជួយសង្គ្រោះ និងដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះដ៏កាចសាហាវ បានវាយប្រហារប្រទេសជាតិ កាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មាន Anadolu បានចុះផ្សាយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ ថា តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកស្រី Machado បានថ្លែងថា ពេលវេលាបានមកដល់ហើយ វាជាកាតព្វកិច្ចរបស់លោកស្រី ក្នុងការឈរនៅក្បែរប្រជាជន។ លោកស្រីបានសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពដ៏លំបាកនេះ រឿងដែលសំខាន់បំផុត គឺការសង្គ្រោះជីវិតមនុស្ស និងការផ្តល់ជម្រកដល់ប្រជាជនរាប់ពាន់នាក់ ដែលបាត់បង់ផ្ទះសម្បែង ដោយត្រូវទុកជម្លោះនយោបាយមួយឡែកសិន។ យ៉ាងណាមិញ លោកស្រីបានចោទប្រកាន់រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី Delcy Rodriguez ថាបានបិទដែនអាកាសមិនឱ្យរូបលោកស្រីចូលប្រទេសឡើយ ខណៈដែលបច្ចុប្បន្នលោកស្រី កំពុងស្នាក់នៅក្នុងប្រទេសប៉ាណាម៉ា។
ជាមួយគ្នានេះដែរ មេដឹកនាំបក្សប្រឆាំងរូបនេះ បានរិះគន់អាជ្ញាធរវ៉េណេស៊ុយអេឡា ដែលបានដាក់កម្រិត និងរារាំងដល់ការនាំចូលជំនួយមនុស្សធម៌ ក៏ដូចជាការធ្វើដំណើររបស់ក្រុមសង្គ្រោះអន្តរជាតិ ដែលកំពុងជាប់គាំងនៅតាមព្រលានយន្តហោះ ទាំងដែលប្រជាជនជាច្រើនកំពុងត្រូវការជំនួយជាប្រេង ថ្នាំសង្កូវ និងអាហារ។
ការប្រកាសវិលត្រឡប់នេះ បានធ្វើឡើងចំពេលដែលក្រុមសង្គ្រោះអន្តរជាតិ កំពុងស្ថិតក្នុងដំណាក់កាលដ៏ប្រផិតប្រផើយ ក្នុងការស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងហួសពី ១ ៧១៩នាក់ទៅហើយ និងមានមនុស្សរាប់ម៉ឺននាក់ទៀតកំពុងបាត់ខ្លួន។
គួរបញ្ជាក់ថា លោកស្រី Machado បានចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា កាលពីខែធ្នូ ឆ្នាំមុន ក្នុងប្រតិបត្តិការសម្ងាត់មួយ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ នៅទីក្រុង Oslo ប្រទេសន័រវេស ហើយក្រោយមកលោកស្រីបានប្រគល់មេដាយនោះជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បន្ទាប់ពីកងទ័ពអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករា កន្លងទៅ លោកស្រីមានបំណងវិលត្រឡប់ទៅប្រទេសវិញ ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ណែនាំឱ្យផ្អាកសិន ដោយសារតែបញ្ហាសន្តិសុខនៅវ៉េណេស៊ុយអេឡា នៅមិនទាន់មានស្ថិរភាពនៅឡើយ៕



ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


