Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ប្រកាសទិញយន្តហោះចម្បាំង Gripen​ជំនាន់ថ្មី ១៦គ្រឿងបន្ថែមទៀត ពីស៊ុយអែត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាស​នៅ​​ថ្ងៃទី៣០ ខែមិថុនា ថា ប្រទេសអ៊ុយក្រែន និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ​ Gripen E របស់ស៊ុយអែត ចំនួន ១៦គ្រឿង ក្នុង​តម្លៃ​សរុបប្រហែល ២.៥៤ ប៊ីលានដុល្លារ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន kyivindependent បាន​​ផ្សាយ​ថា​ ប្រមុខដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា៖ «យើង​បន្តពង្រឹងសមត្ថភាព​​​ប្រយុទ្ធ​​តាម​ផ្លូវ​អាកាសចរណ៍​របស់អ៊ុយក្រែន រួមគ្នាជាមួយស៊ុយអែត»។ ជាក់ស្ដែង យន្តហោះចម្បាំងទាំងនេះនឹងត្រូវប្រគល់ជូន រួមផ្សំជាមួយនឹងកញ្ចប់ឧបករណ៍ពាក់ព័ន្ធ ជំនួយបច្ចេកទេស និងបរិក្ខារផ្សេងៗទៀត។

យោងតាមកិច្ចព្រមព្រៀងមុនៗដែលបានសម្រេចជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ប្រទេសអ៊ុយក្រែនក៏ត្រូវបានរំពឹងទុកថា នឹងទទួលបានយន្តហោះចម្បាំងប្រភេទ Gripen C/D ចំនួន ១៦​គ្រឿង​ដំបូងរបស់ខ្លួន នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

ទន្ទឹមនឹងនេះ លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែទូលំទូលាយ រួមទាំងការត្រៀមលក្ខណៈសម្រាប់គំនិតផ្តួចផ្តើមលើប្រព័ន្ធដ្រូន និងការងារលើសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក។

ប្រធានាធិបតី​អ៊ុយក្រែន បាន​បន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ទាំងប្រជាជន និងរដ្ឋាភិបាល សម្រាប់ភាពជាដៃគូដ៏មានន័យ និងការគាំទ្រឥតឈប់ឈរ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី»។

យន្តហោះចម្បាំងប្រភេទ Saab JAS 39 Gripen គឺជាយន្តហោះចម្បាំងពហុតួនាទី ដែលមានសមត្ថភាពអាចធ្វើប្រតិបត្តិការវាយប្រហារ​ក្នុង​ដែន​អាកាស​​​​ផ្ទាល់​, ពីអាកាសទៅ​ទីតាំង​នៅ​ដី និងបេសកកម្មស៊ើបការណ៍។

ក្រុមអ្នកវិភាគបានលើកឡើងថា គុណសម្បត្តិដ៏ធំបំផុតមួយរបស់យន្តហោះប្រភេទ​នេះសម្រាប់អ៊ុយក្រែន គឺវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការបំបែកកម្លាំងក្នុងសម័យសង្រ្គាម តាំងពីសម័យសង្រ្គាមត្រជាក់មកម៉្លេះ ដែលកាលណោះ ស៊ុយអែត បានត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសហភាពសូវៀត មកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន។

មិនតែប៉ុណ្ណោះ យន្តហោះចម្បាំង Gripen អាចផ្ទុកអាវុធស្តង់ដាររបស់ណាតូ បានយ៉ាងច្រើន រួមមាន មីស៊ីល IRIS-T, AIM-9 Sidewinder, AIM-120 AMRAAM និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសប្រភេទ Meteor ផងដែរ។

គួររម្លឹកដែរថា ប្រទេសស៊ុយអែត បានក្លាយជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តាំងពីមានការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ ដោយបានផ្តល់ជំនួយជា រថក្រោះ, កាំភ្លើងធំ, យានពាសដែក និងយន្តហោះស៊ើបការណ៍៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក Lukashenko ព្រមានធ្ងន់ៗដាក់​អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាម​ប្រែប្រួល​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម