Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយឯកសារសម្ងាត់! មីស៊ីលអ៊ីរ៉ង់ វាយប្រហារចំ​​រោងចក្រប្រេងអ៊ីស្រាអែល ខូចធ្ងន់ធ្ងរជាងការប្រកាស​

បានផុស

នៅ

យោងតាមសារព័ត៌មាន Quds News Network (QNN) ដែលបានរាយការណ៍ កាលពីថ្ងៃ ទី៣០ ខែមិថុនា ឲ្យ​ដឹង​ថា ឯកសារព្រាងផ្លូវការមួយដែលត្រូវបានបោះពុម្ពផ្សាយដោយក្រសួងមហាផ្ទៃអ៊ីស្រាអែល បានលាតត្រដាងពីការខូចខាតយ៉ាងធ្ងន់ធ្ងរ​ និងមានទំហំធំធេងជាងអ្វីដែលធ្លាប់បានប្រកាសជាសាធារណៈ កាលពីមុន បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារនោះ ដែលត្រូវបានបោះពុម្ពផ្សាយជាផ្នែកមួយនៃនីតិវិធីដើម្បីអនុម័តលើការងារស្តារឡើងវិញនូវកន្លែងចម្រាញ់ប្រេង Bazan នៅក្នុងឈូងសមុទ្រ Haifa បានរៀបរាប់លម្អិតអំពីការខូចខាត លើទួប៊ីនហ្គាស , ឡចំហាយទឹក, បន្ទប់អគ្គិសនី, និងប្រព័ន្ធជំនួយផ្សេងៗទៀត ដែលមិនធ្លាប់ត្រូវបានរាយការណ៍ជាសាធារណៈនោះឡើយ។

ប្រភពដដែលបានបន្តថា ធុងស្តុកសារធាតុចម្រាញ់ចេញពីប្រេងមួយ ដែលត្រូវបានវាយប្រហារកាលពីខែមីនាកន្លងទៅ គឺរងការខូចខាតរហូតដល់មិនអាចជួសជុលបាន ហើយត្រូវតែជំនួសដោយធុងថ្មីដែលមានសមត្ថភាពស្តុកទុកបានរហូតដល់ ១២,៧០០ ម៉ែត្រគូប។

ការវាយប្រហារកាលពីខែមិថុនា មកលើទីតាំងដដែលនេះ បានបំផ្លាញរោងចក្រថាមពលរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យរំខានដល់ប្រតិបត្តិការចម្រាញ់ប្រេង និងបានសម្លាប់កម្មករអស់ចំនួន ៣នាក់។ កាលពីពេលនោះ ក្រុមហ៊ុន Bazan បានប៉ាន់ប្រមាណការខាតបង់ចន្លោះពី ១៥០ ទៅ ២០០លានដុល្លារ ខណៈដែលមន្ត្រីអ៊ីស្រាអែលនៅតែអះអាងថា កាផ្គត់ផ្គង់ប្រេងឥន្ធនៈនឹងមិនរងផលប៉ះពាល់នោះទេ។

យោងតាមឯកសាររបស់ក្រសួងមហាផ្ទៃដែលដកស្រង់ដោយ QNN ការខូចខាតនេះមិនត្រឹមតែប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជះឥទ្ធិពលដល់សមត្ថភាពប្រតិបត្តិការរបស់រោងចក្រចម្រាញ់ប្រេងទាំងមូលទៀតផង។ ជាក់ស្ដែង ការបំផ្លិចបំផ្លាញធុងស្តុកប្រេង បានជះឥទ្ធិពលផ្ទាល់ដល់សមត្ថភាពក្នុងការផលិតប្រេងសាំង ឲ្យស្របទៅតាមលក្ខណៈបច្ចេកទេសដែលទីផ្សារតម្រូវ និងការផ្គត់ផ្គង់ទៅឲ្យអ្នកប្រើប្រាស់។

ចំណុចនេះគឺផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍កាលពីមុនរបស់រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen ដែលធ្លាប់បាននិយាយថា ការវាយប្រហារមិនបានបំផ្លាញទីតាំងផលិតកម្ម និងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនោះឡើយ។

លើសពីនេះ ឯកសារក៏បានលាតត្រដាងផងដែរថា ផ្ទៃដីដែលត្រូវបានអនុម័តសម្រាប់ការសាងសង់ឡើងវិញ គឺមានទំហំធំជាងមុនជិតទ្វេដង បើធៀបនឹងផ្ទៃដីដែលបានអនុញ្ញាតក្រោយការវាយប្រហារកាលពីខែមិថុនា ដែលនេះ ស បញ្ជាក់ថា ទំហំនៃការបំផ្លិចបំផ្លាញគឺធំធេងជាងអ្វីដែលគេបានទទួលស្គាល់កាលពីមុនឆ្ងាយណាស់។

យោងតាមឯកសារក្រសួងមហាផ្ទៃ, ការស្តារឡើងវិញទាំងស្រុងនៃបរិវេណរោងចក្រ Bazan ត្រូវបានរំពឹងថា នឹងមិនអាចរួចរាល់មុនឆ្នាំ២០២៨ នោះទេ ពោលគឺត្រឹមតែប្រហែល ៣ ឆ្នាំប៉ុណ្ណោះ មុនពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលគ្រោងនឹងជម្លៀសឧស្សាហកម្មគីមីឥន្ធនៈចេញពីឈូងសមុទ្រ Haifa នៅក្នុងឆ្នាំ២០៣១។

ឯកសារបានសន្និដ្ឋានថា ការខូចខាតនេះបានជះឥទ្ធិពលដល់ «សមាសធាតុប្រតិបត្តិការ និងការផ្ទុកដ៏សំខាន់ៗ» នៅក្នុងកន្លែងថាមពលដ៏សំខាន់បំផុតមួយរបស់អ៊ីស្រាអែល ដែលទាមទារឲ្យមានការកសាងឡើងវិញអស់រយៈពេលជាច្រើនឆ្នាំ ក្នុងពេលដែលត្រូវរក្សាដំណើរការផលិតកម្ម និងការផ្គត់ផ្គង់ប្រេងឥន្ធនៈផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ទម្លាយថា ធ្លាប់ជាប់​គាំងការនាំចេញប្រេងដល់ «សូន្យបារ៉ែល» ព្រោះតែ អាមេរិក បិទខ្ទប់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម