Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវផ្តល់សេវាដោយភាពរាក់ទាក់ មានគុណភាព ដើម្បីលើកមុខមាត់វិស័យសុខាភិបាល

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកសុខាភិបាលកំពុងបម្រើការនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពរួសរាយរាក់ទាក់ និង មានគុណភាព ដើម្បីលើកកិត្តិយស និង មុខមាត់របស់សុខាភិបាលនៅកម្ពុជា កាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះធ្វើឡើងកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងឱកាស លោករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យនៅមណ្ឌលសុខភាពគំរូ ព្រៃព្នៅ ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី មានប្រសាសន៍ថា «សម្រាប់ប្រជាពលរដ្ឋ មណ្ឌលសុខភាព គឺជាច្រកទ្វារទី ១ របស់ក្រសួងសុខាភិបាល ដែលពួកគាត់ជួបផ្ទាល់ជាបឋម ទន្ទឹមនឹងនោះ អាកប្បកិរិយា និង គុណភាពសេវា គឺជាកិត្តិយសរបស់វិស័យសុខាភិបាលទាំងមូល»។

លោករដ្ឋមន្ត្រី បន្ថែមថា ជ័យលាភីដែលមណ្ឌលសុខភាពព្រៃព្នៅ ទទួលបាន ជាមោទនភាពសម្រាប់ការសម្រេចបានកន្លងមក ប៉ុន្តែសូមប្រែក្លាយភាពជោគជ័យនេះទៅជាកម្លាំងជំរុញសម្រាប់ការកែលម្អជាបន្តបន្ទាប់ទៀត ព្រោះអ្នកវាយតម្លៃពិតប្រាកដគឺប្រជាពលរដ្ឋដែលមកទទួលសេវារាល់ថ្ងៃ។ រីឯគុណភាពសេវាជាការអនុវត្តដែលត្រូវបន្តជាប្រចាំ ហើយអ្នកជំងឺអាចជឿជាក់លើគ្រូពេទ្យជំនាញ លុះត្រាពួកគាត់មានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ជាមុន។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល និង បានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។

បើតាមក្រុមការងារ នៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់បានលើកឡើងនាពេលថ្មីៗ នេះថា ការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និង ការសហការល្អរវាងមណ្ឌលសុខភាព និង អាជ្ញាធរមូលដ្ឋាន គឺជាចំណុចខ្លាំងរបស់មណ្ឌលសុខភាព ហើយលទ្ធផល នៃការសហការដ៏ល្អនេះ បានជំរុញឱ្យមណ្ឌលសុខភាពទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៅក្នុងដំណើរអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម