Connect with us

ព័ត៌មានអន្ដរជាតិ

ខួប ១ ០០០ថ្ងៃ ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​​ក្រោម​ដៃ​អ៊ីស្រាអែល​​នៅ​ហ្គាហ្សា​ ធ្វើ​ឱ្យ​​កុមារ​រាប់​ម៉ឺន​នាក់​ស្លាប់ កំព្រា និង​អត់ឃ្លាន​ធ្ងន់​ធ្ងរ​

បានផុស

នៅ

ក្រោយ​របប​អ៊ីស្រាអែល​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​ ចាប់​តាំង​ពី​ថ្ងៃ​ផ្តើម​សង្រ្គាម រហូត​ដល់​បទ​ឈប់​បាញ់ បន្ត​​​ដល់​ឥឡូវនាំ​ឱ្យ​កុមារ​រាប់​ម៉ឺន​នាក់​បាត់​បងជីវិត​​ កាល​ពី​ម្សិល​មិញ​នេះ ប្រជា​ជន​តំបន់​ហ្គាហ្សា​​បាន​ប្រារព្ធខួបលើកទី ១ ០០០ថ្ងៃ​ ចាប់តាំងពីអ៊ីស្រាអែល​បាន​ចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍លើ​តំបន់​នេះ​ ហើយ​កុមារ​ប៉ា​ឡេស្ទីន​នៅតែបន្តប្រឈមនឹង​ការ​សម្លាប់ ភាពអត់ឃ្លាន ភាព​កំព្រា និង​ការផ្លាស់ទីលំនៅក្នុងចំណោមការដួល​រលំនៃប្រព័ន្ធការពារ និងថែទាំ។ ​នេះបើយោងតាម​របាយការណ៍របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

កុមារ​ប៉ាឡេស្ទីន​ កំពុង​កាន់​ឆ្នាំង​ទៅ​យក​បាយ​ហូប​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមតួលេខផ្លូវការ កងទ័ពអ៊ីស្រាអែលបាន​សម្លាប់កុមារ​ប៉ាឡេស្ទីន ២១ ០០០នាក់ និងរបួស​​​ប្រមាណ​ ៤៤ ៥០០នាក់ ចាប់​ពីថ្ងៃទី៨  ខែតុលា ឆ្នាំ២០២៣ ដល់ដើមខែ​មេសា ឆ្នាំ២០២៦ បង្ក​ឱ្យកុមារស្ថិត​ក្នុង​ចំណោមក្រុម​រងផលប៉ះពាល់​ខ្លាំងបំផុត​ ដោយសង្គ្រាមដែល​កំពុង​បន្តរបស់អ៊ីស្រាអែល។

ការស្លាប់ និងរបួស​មិនបានឈប់​ទេ សូម្បីតែបន្ទាប់ពីបទឈប់បាញ់​ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏​ដោយ​។ មូលនិធិ​កុមារអង្គការ​សហប្រជាជាតិ(UNICEF) លើក​ឡើង​ថា កុមារ​ចំនួន ២៦៥នាក់​ត្រូវបានសម្លាប់ និងជាង ៤០០នាក់​ផ្សេងទៀត​រងរបួស​ ចាប់តាំងពីបទ​ឈប់បាញ់ ជាមធ្យមកុមារ​ប្រហែល​ម្នាក់​ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ​។

បន្ថែម​ពីលើអ្នកស្លាប់ និងរបួស កុមារជាង ៥៨ ០០០នាក់​ បានបាត់បង់​ឪពុកម្តាយ​ ចាប់តាំងពីការចាប់ផ្តើម​នៃសង្គ្រាម ខណៈមនុស្ស​រាប់ពាន់នាក់​ត្រូវបានបញ្ជូនទៅកម្មវិធី​កង្វះអាហារូបត្ថម្ភ។

គួរ​បញ្ជាក់​ថា សង្គ្រាមអ៊ីស្រាអែលបាន​បន្សល់ទុកស្លាកស្នាម​រាងកាយ និងផ្លូវចិត្តយ៉ាងជ្រៅ​លើមនុស្សមួយជំនាន់​ទាំងមូល ភាគច្រើននៃពួកគេបាន​ស្គាល់តែការទម្លាក់​គ្រាប់បែក ការផ្លាស់ទីលំនៅ និងការភ័យខ្លាច ខណៈក៏ប្រឈមមុខនឹងភាព​អត់ឃ្លាន និងកុមារកំព្រាផងដែរ​។​

របាយការណ៍​មួយចេញផ្សាយដោយ​ការិយាល័យ​ស្ថិតិ​កណ្តាលប៉ាឡេស្ទីន(PCBS) នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុង​អំឡុង​ពេល​រវាង​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣  ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បង្ហាញ​ថា កុមារស្ថិត​ក្នុងចំណោមក្រុមដែល​រងផលប៉ះពាល់ខ្លាំងបំផុត​ ដោយ​អំពើ​ប្រល័យពូជសាសន៍របស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា។

យោងតាម​របាយការណ៍ កងទ័ពអ៊ីស្រាអែលបាន​សម្លាប់កុមារចំនួន ២១ ២៨៣នាក់ និងរបួស ៤៤ ៤៨៦នាក់​ផ្សេងទៀត តំណាងឱ្យ ​២៦% នៃជនរងគ្រោះ​ទាំងអស់។

ក្នុង​ចំណោមកុមារស្លាប់ មាន​ទារកចំនួន ៤៥០នាក់​កើត​​ អំឡុងសង្គ្រាម កុមារ​ចំនួន ១ ០២៩នាក់ មិនទាន់ដល់ថ្ងៃកំណើតដំបូងនៅ​ឡើយ​ និងកុមារចំនួន ៥ ០៣១នាក់​អាយុក្រោម ៥ឆ្នាំ ជាតួលេខ​ដែល​ PCBS ថា បាន​ឆ្លុះបញ្ចាំងពីការសម្លាប់រង្គាល​ពិតប្រាកដនៃ​ជំនាន់មួយ​ដែល​មិនទាន់ចាប់ផ្តើមជីវិត៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម