ព័ត៌មានអន្ដរជាតិ
មុនកិច្ចប្រជុំកំពូលណាតូនៅដើមសប្តាហ៍ក្រោយ ការទាមទាររបស់ត្រាំ ក្លាយជាសម្ពាធលើសមាជិកណាតូ
សម្ព័ន្ធភាពយោធាអង្គការណាតូ កំពុងស្ថិតក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការជំរុញយ៉ាងខ្លាំងក្លា ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបណ្តាប្រទេសជាសមាជិកណាតូទាំងអស់ដំឡើងកញ្ចប់ថវិកាការពារជាតិ ឲ្យបានដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ឲ្យបានកាន់តែឆាប់ ឬយ៉ាងហោចណាស់ត្រឹមឆ្នាំ ២០៣៥។

សម្ពាធដ៏ធ្ងន់នេះ បានបង្កើតឲ្យមានការបែកបាក់ផ្ទៃក្នុង និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអឺរ៉ុប ពិសេសបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងឡាអេ ដែលជាកន្លែងដែលសមាជិកទាំង ៣២ បានយល់ព្រមជាគោលការណ៍ទៅលើផែនការបង្កើនការចំណាយនេះ។ ទោះជាយ៉ាងណា ការអនុវត្តជាក់ស្តែងកំពុងបង្ហាញពីគម្លាតយ៉ាងធំធេងរវាងប្រទេសដែលឈានមុខ និងប្រទេសដែលកំពុងដើរយឺតយ៉ាវ យោងតាមការវិភាគលម្អិតរបស់ស្ថាប័នស្រាវជ្រាវអន្តរជាតិ។
ផ្អែកលើការវាយតម្លៃរបស់ សាកលវិទ្យាល័យ SIPRI គោលដៅ ៥% ថ្មីនេះ គឺត្រូវបែងចែកជាពីរផ្នែកធំៗ គឺ ៣.៥% សម្រាប់តម្រូវការយោធាស្នូល ដូចជាការទិញអាវុធ គ្រាប់រំសេវ យន្តហោះចម្បាំង និងការត្រៀមលក្ខណៈប្រយុទ្ធ។ ចំណែកឯ ១.៥% ទៀត ត្រូវបានកំណត់សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ការពារប្រព័ន្ធបច្ចេកវិទ្យា និងសន្តិសុខថាមពល។
បើទោះបីជាបណ្តាប្រទេសអឺរ៉ុប និងកាណាដាបានខិតខំបង្កើនថវិកាការពារជាតិជិត ២០% ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ក៏ការឈានទៅដល់កម្រិត ៥% នៅតែជាការសាកល្បងដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាលអឺរ៉ុបជាច្រើន ពីព្រោះការធ្វើបែបនេះតម្រូវឲ្យពួកគេកាត់បន្ថយថវិកាសង្គម បង្កើនពន្ធ ឬបង្កើតបំណុលរដ្ឋបន្ថែម ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គមផ្ទៃក្នុង ដូចដែលប្រព័ន្ធផ្សព្វផ្សាយ BBC បានគូសបញ្ជាក់។
បញ្ហាប្រឈមដ៏ធំបំផុតរបស់ណាតូនៅពេលនេះ គឺតុល្យភាពនៃការរួមចំណែកថវិការវាងសមាជិកនីមួយៗ ខណៈពេលដែលប្រទេសនៅតំបន់អឺរ៉ុបខាងកើត ដូចជាប៉ូឡូញ ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្ទាល់ពីខាងក្រៅ បានដំឡើងកញ្ចប់ថវិកាយោធារបស់ខ្លួនរហូតដល់ជិត ៤.៧% នៃ GDP រួចទៅហើយនោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួននៅអឺរ៉ុបខាងលិច និងខាងត្បូង នៅតែដើរយឺតយ៉ាវយ៉ាងខ្លាំង។
ជាក់ស្ដែង លោក ត្រាំ បានរិះគន់ចំៗទៅលើប្រទេសអេស្ប៉ាញ និងកាណាដា ដោយហៅប្រទេសទាំងនោះថា ជាអ្នកកេងចំណេញពីលើការការពារហ្វ្រីៗរបស់អាមេរិក។ ការរារែក និងភាពយឺតយ៉ាវនៃប្រទេសទាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភថា អាមេរិកអាចនឹងកាត់បន្ថយការប្តេជ្ញាចិត្តការពាររួមគ្នាតាមមាត្រាទី ៥ នៃសន្ធិសញ្ញាណាតូ ដែលជាស្នូលនៃសម្ព័ន្ធភាពយោធាមួយនេះ។
ក្រៅពីបញ្ហាថវិកា កង្វះខាតសមត្ថភាពផលិតកម្មឧស្សាហកម្មយោធាក៏ជាឧបសគ្គដ៏ធំមួយទៀតសម្រាប់អឺរ៉ុបផងដែរ។ ការវិភាគពី ស្ថាប័ន Carnegie Endowment for International Peace បានបង្ហាញថា សម្ពាធពីទីក្រុងវ៉ាស៊ីនតោន កំពុងរុញច្រានឲ្យមាន «ការផ្ដាច់ខ្លួនជាយុទ្ធសាស្ត្រ» កាន់តែលឿនឡើងរវាងអាមេរិក និងអឺរ៉ុប។ អឺរ៉ុបមិនអាចពឹងផ្អែកលើឆ័ត្រការពាររបស់អាមេរិកទាំងស្រុងដូចមុនទៀតឡើយ ហើយពួកគេត្រូវបង្ខំចិត្តបង្កើតស្ថាបត្យកម្មសន្តិសុខផ្ទាល់ខ្លួន។ ប៉ុន្តែការផ្លាស់ប្តូរពីការរៀបចំកញ្ចប់ថវិកា ទៅជាការបង្កើតសមត្ថភាពយោធាពិតប្រាកដនៅលើសមរភូមិ ដូចជាការផលិតអាវុធធុនធ្ងន់ និងការបណ្តុះបណ្តាលកងទ័ពស្នូល គឺត្រូវការពេលវេលារាប់ទសវត្សរ៍ ដែលធ្វើឲ្យណាតូស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតក្នុងកម្រិតភូមិសាស្ត្រនយោបាយបច្ចុប្បន្ន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុប ត្រូវតែម្ចាស់ការលើសន្តិសុខខ្លួនឯង ដើម្បីរក្សាសម្ព័ន្ធភាពណាតូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


