Connect with us

ព័ត៌មានអន្ដរជាតិ

លោក Qalibaf៖ សន្តិភាពនៅ លីបង់ មិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពី អ៊ីរ៉ង់

បានផុស

នៅ

ប្រធានសភា និងជាប្រមុខក្រុមចរចាក្នុងប្រទេសអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានលើកឡើងថា ទីបំផុតសត្រូវ បានដឹងច្បាស់ហើយថា ការបង្កើតសន្តិភាពនៅលីបង់ និងតំបន់មជ្ឈិមបូព៌ាទាំងមូល គឺមិនអាចទៅរួចឡើយ បើគ្មានការចូលរួមដោយផ្ទាល់ពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

លោក Qalibaf នៅក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ជាមួយលោក Muhammad Fneish ដែលជាសមាជិកជាន់ខ្ពស់នៃចលនាតស៊ូហេសបូឡា (រូបភាព៖ISNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Qalibaf បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ជាមួយលោក Muhammad Fneish ដែលជាសមាជិកជាន់ខ្ពស់នៃចលនាតស៊ូហេសបូឡារបស់លីបង់ ដែលបានធ្វើដំណើរមកកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម Ayatollah Seyyed Ali Khamenei ។ នេះបើយោងតាមទីភ្នាកងារសារព័ត៌មាន Beirut

នៅក្នុងការស្វាគមន៍ចំពោះគណៈប្រតិភូលីបង់ លោក Ghalibaf បានរំលឹកពីការយល់ដឹងយ៉ាងស៊ីជម្រៅ និងយូរអង្វែងរបស់លោក ចំពោះការវិវត្តរបស់លីបង់ ដោយកត់សម្គាល់ថា ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរបស់ក្រុមហេសបូឡា នៅក្នុងសង្គ្រាមនាពេលថ្មីៗនេះ បានកត់សម្គាល់នូវចំណុចរបត់ប្រវត្តិសាស្ត្រមួយ និងបានបង្ហាញឲ្យពិភពលោកទាំងមូលឃើញពីចំណងទាក់ទងដែលមិនអាចបំបែកបានរវាងក្រុមតស៊ូនានា និងប្រទេសអ៊ីរ៉ង់។ នេះក៏បានបង្ហាញឃើញថា សន្តិភាពនៅក្នុងតំបន់អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមពីអ៊ីរ៉ង់តែប៉ុណ្ណោះ។

ប្រធានសភារូបនេះបានសង្កត់ធ្ងន់ថា ការគាំទ្រដល់សម្ព័ន្ធភាពនយោបាយជាទូទៅ និងជាពិសេសក្រុមហេសបូឡា នៅតែជាកាតព្វកិច្ចឥស្លាម និងបដិវត្តន៍ដ៏ម៉ឺងម៉ាត់សម្រាប់ទីក្រុងតេហេរ៉ង់។ លោក Ghalibaf បានគូសបញ្ជាក់ថា «ដោយសារតែអាមេរិកមានចរិតលក្ខណៈមិនអាចទុកចិត្តបាន និងមិនអាចជឿជាក់បានតាំងពីកំណើត យើងបានរក្សានូវបន្ទាត់ក្រហមដ៏ម៉ឺងម៉ាត់ និងប្រកបដោយគោលការណ៍ពេញមួយដំណើរការចរចា ដោយក្នុងនោះសន្តិសុខរបស់លីបង់ និងសម្ព័ន្ធភាព ស្ថិតនៅចំណុចកំពូលបំផុត»។

ជាក់់ស្ដែង នៅក្នុងការទម្លាយព័ត៌មានលម្អិតទាក់ទងនឹងការទូតនៃកិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ លោក Ghalibaf បានបង្ហើបថា «មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្រូវការចម្បង និងមិនអាចកែប្រែបានរបស់យើង គឺការបញ្ចូលនូវយន្តការច្បាស់លាស់មួយដើម្បីបញ្ឈប់សង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងជួរមុខ ។ យើងក៏បានសង្កត់ធ្ងន់ជាពិសេស លើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់លីបង់ផងដែរ។

ជាការឆ្លើយតប មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Mohammad Fneish បានថ្លែងអំណរគុណដល់លោក Ghalibaf សម្រាប់តួនាទីយ៉ាងសកម្មរបស់លោកនៅលើសម្ព័ន្ធភាពការទូត ដោយបានថ្លែងថា «យើងមិនចាត់ទុកខ្លួនឯងជាភ្ញៀវនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែយើងគឺជាផ្នែកសរីរាង្គមួយនៃបដិវត្តន៍ឥស្លាម។ មេដឹកនាំដែលបានពលី គឺជាគ្រូបង្វឹក និងជាអ្នកណែនាំក្នុងការវិវត្តរបស់ក្រុមហេសបូឡា ហើយក៏ជាមេដឹកនាំសម្រាប់ប្រជាជាតិឥស្លាមទាំងមូលផងដែរ»។

សូមជម្រាបជូនថា ក្រុមហេសបូឡា គឺជាចលនានយោបាយ និងយោធាស៊ីអ៊ីតដ៏មានឥទ្ធិពលមួយនៅលីបង់ ដែលត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ អាវុធ និងការបណ្តុះបណ្តាលយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីរ៉ង់។ ក្រោមការគាំទ្រពីអ៊ីរ៉ង់ ក្រុមហេសបូឡាបានធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់អស់រយៈពេលជិត ២ទសវត្សរ៍ រហូតដល់បង្ខំឲ្យកងទ័ពអ៊ីស្រាអែលសម្រេចចិត្តដកថយទាំងស្រុងចេញពីទឹកដីលីបង់ នៅក្នុងឆ្នាំ ២០០០ ដែលនេះជាជោគជ័យយុទ្ធសាស្ត្រដ៏ធំមួយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រធាន​ប្រព័ន្ធ​យុត្តិធម៌​អ៊ីរ៉ង់ លោក Mohseni Ejei ត្រូវ​តែង​ឲ្យ​ដឹកនាំ​មួយអាណត្តិ៥​ឆ្នាំ​​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម