Connect with us

ព័ត៌មានជាតិ

ប្រឡងឌីប្លូមថ្ងៃទី១នៅមណ្ឌលភ្នំពេញមានបេក្ខជនអវត្តមានជាង២០០នាក់

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបមឋមភូមិឬឌីប្លូមនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនអវត្តមានប្រមាណជាង២០០នាក់ក្នុងចំណោមបេក្ខជនចូលរួមប្រឡងជាង១៨០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែមស៊ីណារ៉េត ប្រធានអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦កក្កដានេះថាប្រឡងឌីប្លូមនៅឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៨៣៨៩នាក់ស្រី៩៤១២នាក់ចែកជា៦៥មណ្ឌលត្រូវជា៧៦៧បន្ទប់។ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៨១៧៨ នាក់ស្រី៩៣៣០នាក់ស្មនឹង១.១៤% ស្រី ០.៧៦%។

លោកប្រធានមន្ទីរបានបន្តថាតួលេខនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២៥កន្លងទៅឃើញថាមានការកើនឡើងដោយឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន១៧ ៦៦៥ នាក់ស្រី ៨៩៣៥នាក់ ចែកជា៦៥ មណ្ឌលត្រូវជា៧៤៣ បន្ទប់ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៧ ៣៧៩នាក់ ស្រី៨៧៩៥នាក់។

លោកប្រធានមន្ទីរបានបន្តទៀតថាចំពោះដំណើរការប្រឡងនៅថ្ងៃទី១នេះនៅតាមមណ្ឌលសំណេរនីមួយៗទាំង៦៥មណ្ឌលបានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

ចំពោះមុខវិជ្ជា ដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦និង៧កក្កដាឆ្នាំ២០២៦និងប្រកាសលទ្ធផលនៅថ្ងៃទី១៣កក្តដាខាងមុខ ខណៈឆ្នាំមុនក្រសួងរៀបចំប្រឡងនៅថ្ងៃទី១៤ និង១៥កក្តដា។ ជាលទ្ធផលនៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់ចំនួន ១៥ ៧៥៧ នាក់ស្រី ៨ ២៣២ នាក់ស្មើនឹង៩០.៦៧%ស្រី ៩៣.៦០% ក្នុងចំណោមបេក្ខជនមកប្រឡង១៧ ៣៧៩នាក់ ស្រី៨៧៩៥នាក់៕

អត្ថបទ ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម