ព័ត៌មានជាតិ
កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈទីក្រុងវ៉ាស៊ីនតោនគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈភាគីអាមេរិកបានបង្ហាញការយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Aleksandra Zittle ភារធារីស្តីទីថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានស្វាគមន៍លោកស្រី Aleksandra Zittle ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទី២ ដោយបង្ហាញជំនឿថា បេសកកម្មរបស់លោកស្រីនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយូរអង្វែង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោកស្រី Aleksandra Zittle ក៏បានអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិរក្សប្រាសាទភ្នំបាខែង ក្នុងឧទ្យានបុរាណអង្គរ។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ប្រាក់ សុខុន បានជម្រាបជូនភាគីអាមេរិកអំពីការវិវត្តថ្មីៗ និងបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបន្តគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនាក្នុងតំបន់ រួមទាំងការផ្តល់ជំនួយហិរញ្ញវត្ថុផងដែរ។

ជាការឆ្លើយតប លោកស្រី Aleksandra Zittle បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសលើវិស័យសន្តិសុខ។ លោកស្រីក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងស្វាគមន៍ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។
ជំនួបនេះបានបញ្ចប់ដោយភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


