Connect with us

ព័ត៌មានជាតិ

អ្នកជំនាញអចលនទ្រព្យ​​បង្ហើប​ទីផ្សារ​តម្លៃ​ខុនដូរ​ និង​ស្ថានភាពតម្រូវការ​ជួលអាគារការិយាល័យនៅកម្ពុជា

បានផុស

នៅ

វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​រង​សម្ពាធ។ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៦ ទីផ្សារ​ខូន​ដូរមាន​ការ​​ធ្លាក់ថ្លៃ​ ស្រប​តម្រូវការ​អគារ​ការិយាល័យ​មាន​និន្នាការ​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវការ​​របស់អតិថិជន។

កញ្ញា សុខ ហេងពេជ្រមុន្នី អ្នកគ្រប់គ្រង​ផ្នែក​សេវាកម្ម​លក់​រាយ​របស់​ក្រុមហ៊ុន APS ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ធំមួយ​​បាន​ឲ្យ​ដឹង​ថា ទីផ្សារការិយាល័យលំដាប់ Grade A កំពុង​ជួប​បញ្ហាលើសការផ្គត់ផ្គង់ និងកង្វះអ្នកជួលយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានអាគារយ៉ាងហោចណាស់ ១០ បន្ថែមទៀតបានលេចឡើង ដែលធ្វើឲ្យទំហំការិយាល័យទំនេរនៅលើទីផ្សារកើនឡើងដល់ប្រហែល ៦០ ម៉ឺនម៉ែត្រការ៉េ។

«បញ្ហាចម្បងគឺទីផ្សារខ្វះអ្នកជួល មិនមែនខ្វះទីតាំង ឬខ្វះអាគារនោះទេ»។ កញ្ញា​ សុខ ហេង​ពេជ្រមុន្នី​បញ្ជាក់។

ដោយសារតម្លៃជួលការិយាល័យ Grade A មានតម្លៃថ្លៃ ក្រុមហ៊ុនជួលមានការប្រុងប្រយ័ត្នជាងមុន ដោយ​អ្នកខ្លះបានសម្រេចចិត្តប្ដូរពីការជួលការិយាល័យ Grade A មកជួល Grade B វិញនៅពេលផ្លាស់ប្ដូរទីតាំង។

​អ្នកជួល​អគារ​ការិយាល័យ​ Grade A ច្រើន​​ជាង ៦០% គឺជា​ក្រុមហ៊ុន​បរទេសធំៗ ខណៈ​ក្រុមហ៊ុន​ក្នុងស្រុក​ភាគច្រើនមិន​សូវផ្តោត​លើ​ការិយាល័យ Grade A ទេ គឺ​ពួកគេ​ជ្រើសរើស​ទីតាំង​ណា​ដែលអាច​ហុចលទ្ធភាព​ឱ្យ និង​មានស្តង់ដារ​ល្មម​ដូចជា Grade B ឬ Grade C។

កញ្ញា​​ សុខ ហេង​ពេជ្រមុន្នី​ បញ្ជាក់ថា «ជិត ៦០% នៃអ្នកជួលអាគារការិយាល័យធំៗគឺជាក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនពហុជាតិ ដែលអាចឈរ​ជើងបានយូរ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនោះក៏ព្យាយាមសន្សំសំចៃដោយងាកទៅជួលការិយាល័យលំដាប់ Grade B ឬ Grade C ជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយ»។

ក្រុមហ៊ុនខ្មែរភាគច្រើនចូលចិត្តជួលផ្ទះល្វែង ឬវីឡាដើម្បីធ្វើជាការិយាល័យ។ បច្ចុប្បន្ននិន្នាការក៏មានការផ្លាស់ប្ដូរពីការជួលផ្ទះល្វែងនៅតាមផ្លូវធំៗ ទៅជួលវីឡាវិញ។ ភាពខុសគ្នារវាងការិយាល័យ និងវីឡាពីព្រោះ​ការ​ជួលវីឡាដាច់ដោយឡែកផ្ដល់ភាពបត់បែនខ្ពស់ ដោយបុគ្គលិកអាចស្នាក់នៅ គ្មានការកំណត់ម៉ោងចេញចូលតឹងរ៉ឹង ខុសប្លែកពីការជួលនៅក្នុងអាគារការិយាល័យដែលមានច្បាប់វិន័យតឹងរ៉ឹង។

​ពាក់ព័ន្ធ​ទីផ្សារ​ខុន​ដូរ​វិញ កញ្ញា សុខ ហេងពេជ្រមុន្នី​​បាន​បញ្ជាក់ថា តម្លៃ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​មានខុនដូ​រាប់​ម៉ឺន​យូនីត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទំនេរ​មិន​ទាន់​មាន​អ្នក​ស្នាក់​នៅ។

«​ទីផ្សារ​ខុន​ដូរ​បច្ចុប្បន្ន​តម្លៃ​ទាបបំផុតចាប់​ពី​ប្រហែល ១ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និង​ខ្ពស់​បំផុត​អាច​ចាប់ពី ២ ៧០០ ឡើងទៅ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ យ៉ាងណាមិញ តម្លៃលក់ជាក់ស្តែងអាចទាបជាងតម្លៃដាក់ស្នើ​ពី ២០% ទៅ ៣០%»។

កញ្ញា សុខ ហេងពេជ្រមុន្នី បាន​បញ្ជាក់ថា ម្ចាស់ខុនដូឥឡូវនេះសុខចិត្តបញ្ចុះតម្លៃ ដើម្បីទាក់ទាញអ្នក​ជួល​ឲ្យបានមុនសិន ទោះបីជាចំណូលដែលទទួលបានមានគម្លាតឆ្ងាយខ្លាំងពីការវិនិយោគសាងសង់រាប់លានដុល្លាររបស់ពួកគេក៏ដោយ។

ដើម្បីទាក់ទាញអ្នកជួលក្នុងស្ថានភាពទីផ្សារដ៏លំបាកនេះ អ្នកជំនាញ​រូបនេះ​ណែនាំដល់​ម្ចាស់អចលនទ្រព្យត្រូវតែកែសម្រួលយុទ្ធសាស្ត្រពីរយ៉ាង៖ ១. បញ្ចុះតម្លៃជួល៖ កាលពីមុន តម្លៃជួលការិយាល័យមិនងាយចុះថ្លៃនោះទេ ប៉ុន្តែបច្ចុប្បន្នត្រូវតែបញ្ចុះតម្លៃដើម្បីប្រកួតប្រជែង។ ២. ផ្ដល់ការសម្រួលដល់ការរៀបចំការិយាល័យធ្វើការឲ្យមានស្តង់ដាជាមុន ដើម្បីជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់អ្នកជួលក្នុងការសាងសង់បន្ថែម ដែលធ្វើឲ្យពួកគេងាយស្រួលក្នុងការសម្រេចចិត្តចូលជួល។

​អ្នក​ជំនាញ​ក្រុមហ៊ុន​អចលនទ្រព្យមើលឃើញថា ​ខណះប្រជាជនខ្មែរទូទៅនៅតែនិយមរស់នៅតាមបុរី ប៉ុន្តែ​សម្រាប់​ទីផ្សារ ខុនដូ យុវជន​ជំនាន់​ក្រោយៗ ដូចជាក្រុម Gen Z និង Gen Alpha អាចជានិន្នាការ​អតិថិជន​គោលដៅ​នា​ពេល​អនាគត ព្រោះពួកគេមានស្ទីលរស់នៅ​បែបទាន់សម័យ និងស៊ីវិល័យ​ជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម