Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Bavi វាយប្រហារចិន និងតៃវ៉ាន់៖ មនុស្ស ៥លាននាក់ត្រូវបានជម្លៀសខ្លួន

បានផុស

នៅ

ប្រទេសចិន កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុង Bavi ដែលជាព្យុះទី៩ នៃរដូវកាលនេះ បានបោកបក់ចូលតំបន់ឆ្នេរនៃខេត្តជឺជាំង (Zhejiang) កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ដោយមានល្បឿនខ្យល់បោកបក់រហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមានការជម្លៀសប្រជាពលរដ្ឋប្រមាណ ៥លាននាក់នៅទូទាំងប្រទេសចិន ដើម្បីសុវត្ថិភាព ខណៈដែលនៅតៃវ៉ាន់វិញ ក៏មានសេចក្តីរាយការណ៍ថា មានមនុស្សជាង ២០០នាក់រងរបួសផងដែរ។ នេះ​បើយោងតាម​សារព័ត៌មាន Asia Today ចុះផ្សាយ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោកបក់នៃព្យុះ Bavi បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនចិន។ នៅរដ្ឋធានីប៉េកាំង មនុស្សជាង ១០០ ០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា។ ក្នុងខេត្តហ្វូជៀន (Fujian) មានប្រជាជន ១៣០ ០០០នាក់ ត្រូវជម្លៀស និងនៅទីក្រុងសៀងហៃ មាន​ចំនួន ៤០ ០០០នាក់។ គិតត្រឹមថ្ងៃទី១២ កក្កដា ជើងហោះហើរជាតិ និងអន្តរជាតិជាង ៣ ០០០ ត្រូវបានលុបចោល ហើយបណ្តាញផ្លូវដែកល្បឿនលឿនក្នុងតំបន់ភាគអាគ្នេយ៍ ក៏ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។

គួររំលឹកផងដែរថា មុនពេលព្យុះទីហ្វុងនេះកើតឡើង តំបន់ភាគខាងត្បូងនៃប្រទេសចិន បានជួបប្រទះគ្រោះទឹកជំនន់ និងការរអិលបាក់ដីរួចទៅហើយ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់បានបាត់បង់ជីវិត។ ចំពោះព្យុះ Bavi នេះ ទោះបីជាគ្មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ក៏ដោយ ប៉ុន្តែវាបានបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន រួមទាំងការលិចលង់ដីកសិកម្ម និងការជន់លិចផ្លូវថ្នល់។

សម្រាប់កោះ​តៃវ៉ាន់ ទោះបីស្ថិតក្នុងរង្វង់នៃការប៉ះពាល់ដោយព្យុះក៏ដោយ ក៏គេមិនទាន់ទទួលបានសេចក្តីរាយការណ៍អំពីករណីបាត់បង់ជីវិតនៅឡើយទេ។ គិតត្រឹមល្ងាចថ្ងៃទី១២ កក្កដា មនុស្សជាង ២០០នាក់បានរងរបួស រួមទាំងជនជាតិបរទេសចំនួន ៥នាក់។

ថ្វីដ្បិត​ព្យុះ Bavi ត្រូវបានព្យាករថានឹងថមថយឥទ្ធិពលបន្តិចម្តងៗនៅពេលវាបន្តដំណើរទៅទិសពាយ័ព្យ ក៏អាជ្ញាធរឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានរហូតដល់ថ្ងៃទី១៥ ខែកក្កដា។ ជាពិសេសរដ្ឋធានីប៉េកាំង កំពុងតែត្រៀមខ្លួនទប់ទល់នឹងហានិភ័យនៃទឹកជំនន់បន្ថែមទៀត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែបន្តការងារជួយសង្គ្រោះ និងត្រួតពិនិត្យស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម