Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ទឹកចិត្តល្អប្រពៃ និង ការលះបង់ខ្ពស់ គឺជាកម្លាំងចលករដ៏រឹងមាំមិនអាចខ្វះបាន ដើម្បីជំរុញឲ្យរចនាសម្ព័ន្នមូលដ្ឋានទូលំទូលាយក្នុងការបម្រើប្រជាពលរដ្ឋ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ទឹកចិត្តនិងការលះបង់ខ្ពស់ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញឲ្យរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាពកាន់តែទូលំទូលាយ ដើម្បីបម្រើប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត តម្លៃជាង ៥២ ម៉ឺនដុល្លារ ដែលបានបង្ហាញពីភាពរឹងមាំរបស់គណបក្ស និងការអភិវឌ្ឍនៅមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗ នេះ។

យោងតាមរបាយការណ៍របស់ លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ស្នាក់ការមានទំហំ ២៦ម៉ែត្រ X ២៤.០៦ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់សម្ភារៈការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសម្លេងនៅសាលប្រជុំ ដែលសាងសង់ លើផ្ទៃដី ១.៥០០ម៉ែត្រការ៉េ បំពាក់សអំពូលសូឡា ដែលចំណាយថវិកាសាងសង់អស់ចំនួន ៤៨៣.៦៣៥ដុល្លារ និង ១៥.៧០០០.០០០រៀល។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុច ប្រធានក្រុមការងារគណបក្សចុះក្រុងបាវិត បានលើកឡើងថា អគារស្នាក់ការបក្សក្រុងបាវិតថ្មីនេះ ត្រូវបានសាងសង់ឡើងយ៉ាងប្រណីត ដែលជាការចូលរួមបដិភាគយ៉ាងសស្រាក់សស្រាំពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង លោកឧកញ៉ា ឧកញ៉ា និងសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាពការងារនយោបាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។

សម្តេច បានចាត់ទុកថា ទឹកចិត្តនិងការលះបង់ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញឲ្យរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការបម្រើប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងយ៉ាងច្បាស់ៗអំពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេច បានគូសបញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស យើងបានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹកដីដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន បាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាពខ្ពស់ក្នុងការស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។

សម្តេច ក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់នៃក្រុងបាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូវប្រើប្រាស់ទីតាំងនេះជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះ ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលមកបណ្តាក់ទុននៅក្នុងទឹកដីដ៏មានសក្តានុពលមួយនេះ។ ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នាបង្ក្រាបការឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ)៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម