Connect with us

ព័ត៌មានជាតិ

ស្ថានីយបូមទឹកបឹងសាឡាង សាងសង់រួច១០០% មានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី

បានផុស

នៅ

ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹកបឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយបូមទឹកបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រគុណ ២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២៦កន្លងមកនេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រចំនួន ២គ្រឿង មានមុខកាត់ ១៥០០​មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

ចំណែកលោក ហែន កន ចៅសង្កាត់បឹងសាឡាង ខណៈចុះពិនិត្យស្ថានីយបូមទឹកបឹងសាឡាងថ្មី នាព្រឹកថ្ងៃទី១៥ កក្កដានេះបានឱ្យដឹងថា ក្រោយស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះនៃខណ្ឌ៧មករា គឺមិនទទួលរងការលិចលង់ឡើយ។

លោក ចៅសង្កាត់បឹងសាឡាង ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។

ដោយឡែកលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា ដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពីសង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀតរបស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានកសាងស្ថានីយបូមទឹកបឹងសាឡាងថ្មីមូយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគូប ក្នុង១វិនាទី។

លោកអភិបាលបានបន្តថា ពីមុននៅស្តុបកោសដូងជិតម៉ុងរីយ៉ាល់ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលលោកអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបានដាក់លូខ្នាតធំ១ខ្សែថ្មីទៀតចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុប​កោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយៈពេលខ្លីបំផុតតែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកមានប្រសាសន៌ បែបនេះកាលពីរសៀលថ្ងៃទី១៤កក្កដា ម្សិលមិញនេះ ក្នុងឱកាសដឹកនាំចៅសង្កាត់ មេភូមិ និងក្រុមការងារចុះពិនិត្យមើលការស្តារប្រឡាយស្ថានីយបូមទឹកទួលគោកទី២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ក្រុមការងាររដ្ឋបាលខណ្ឌទួលគោកប្រើប្រាស់គ្រឿងចក្រចំនួន ១គ្រឿង សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្តារប្រឡាយចំនួន៣ខ្សែ រួមមាន៖ ប្រឡាយប្រឡាយស្ថានីយបូមទឹកទួលគោកទី១ ប្រឡាយស្ថានីយបូមទឹកទួលគោកទី២ និងប្រឡាយស្ថានីយបូម ទឹកបឹងសាឡាង។

ក្រោយបញ្ចប់ការងារខាងលើ រដ្ឋបាលខណ្ឌទួលគោកនឹងបន្តសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្តារប្រព័ន្ធលូជាច្រើនខ្សែទៀតក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ លោក ជា ពិសី ក៏បានអំពាវនាវឱ្យប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់។ បើមានការចូលរួមពីប្រជាពលរដ្ឋ នោះការងារអ្វីក៏ទទួលបានជោគជ័យដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម