Connect with us

កីឡា

រនាំងធំ ១ ធ្វើឱ្យម្ចាស់ពាន MVP តេជោលីគ ២ សម័យកាល Luvi មិនអាចជាប់ជម្រើសជាតិ ឥណ្ឌូណេស៊ី

បានផុស

នៅ

កីឡាកររបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស Luvi Fabrian ត្រូវបានគេទទួលស្គាល់ជាស្មាត់ដ៏ឆ្នើមម្នាក់ អំឡុងពេលបង្ហាញខ្លួននៅក្នុងលីគបាល់ទះ កម្ពុជា «តេជោលីគ» ៣ រដូវកាលកន្លងមក ប៉ុន្តែកត្តា «ប្រជែងតួនាទី» បានធ្វើឱ្យកីឡាករវ័យ ២២ ឆ្នាំរូបនេះ មិនអាចជាប់ជម្រើសជាតិ ឥណ្ឌូណេស៊ី បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Luvi បានបង្ហាញសក្តានុពលយ៉ាងខ្លាំង តាមរយៈការជួយឱ្យក្លិបបញ្ជាការដ្ឋានអង្គរក្ស ឈ្នះពានរង្វាន់ តេជោលីគ ៣ រដូវកាលជាប់គ្នា ពោលគឺនៅរដូវកាល ២០២៤, ២០២៥ និង ២០២៦។ ជាមួយគ្នានេះ កីឡាករបានឈ្នះពានឯកត្តជន ជាកីឡាករល្អដាច់គេប្រចាំព្រឹត្តិការណ៍ (MVP) ដល់ទៅ ២ លើកជាប់គ្នាទៀតផង។

ទោះបីជា ស្មាត់ស្តាំកម្ពស់ ១.៨៨ ម៉ែត្ររូបនេះ ត្រូវបានគេមើលឃើញល្អដាច់គេនៅតេជោលីគ ៣ រដូវកាលចុងក្រោយនេះក៏ដោយ ក៏រូបគេមិនត្រូវបានកោះហៅចូលជម្រើសជាតិ ឥណ្ឌូណេស៊ី សូម្បីម្តងនៅឡើយដែរ។ ដោយឡែក នៅ SEA V Cup 2026 នេះ ក៏រូបគេនៅតែមិនមានឈ្មោះ ដោយតំណែងរបស់គេត្រូវបានកាន់កាប់ដោយកីឡាករ Boy Arnez Arabi, Doni Haryono និង Farhan Halim។

មានកត្តាច្រើន ដែលជាមូលហេតុនៃការមិនបានជាប់ជម្រើសជាតិរបស់ម្ចាស់ពាន MVP តេជោលីគ ២ រដូវកាលជាប់គ្នារូបនេះ ប៉ុន្តែកត្តាធំបំផុត គឺ ការប្រជែងតួនាទី។ ដូចបានដឹងស្រាប់ ថា ឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលមានភាពខ្លាំងក្លាលើកីឡាបាល់ទះ។ ជាក់ស្តែង ពួកគេមាន Luvi ជាកីឡាករដ៏ខ្លាំងម្នាក់ ប៉ុន្តែជាមួយគ្នានេះ នៅមានអ្នកខ្លាំងជាងកីឡាករវ័យ ២២ ឆ្នាំរូបនេះទៅទៀត ដូចជាកីឡាករ Boy, Doni និង Farhan ជាដើម។

សូមលើកនិយាយតែពី Boy ម្នាក់ គឺបច្ចុប្បន្នរូបគេបានក្លាយជាស្មាត់ស្តាំល្អបំផុតនៅ ឥណ្ឌូណេស៊ី បាត់ទៅហើយ។ កីឡាករវ័យ ២៣ ឆ្នាំកម្ពស់ ១.៩០ ម៉ែត្ររូបនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យ ឥណ្ឌូណេស៊ី លើកពាន AVC Volleyball Cup 2026 ហើយរូបគេថែមទាំងឈ្នះពានឯកត្តជន ២ ម្នាក់ឯង ថែមទៀត គឺ ពានកីឡាករល្អដាច់គេប្រចាំព្រឹត្តិការណ៍ (MVP) និងពានស្មាត់ស្តាំល្អបំផុត។

នេះគ្រាន់តែជាហេតុផលធំ ១ ប៉ុណ្ណោះ នៅពីក្រោយការមិនអាចជាប់ជម្រើសជាតិរបស់ Luvi។ យ៉ាងណា នៅមានហេតុផលជាច្រើនទៀត ដូចជាកត្តាការសម្រេចចិត្តរបស់គ្រូបង្វឹកជាដើម។ ហេតុផលខាងលើ គឺលើកឡើងដោយគិតតែត្រឹមពេលបច្ចុប្បន្នប៉ុណ្ណោះ ប៉ុន្តែនៅពេលអនាគត Luvi នៅតែមានឱកាសជាប់ជម្រើសជាតិ ឥណ្ឌូណេស៊ី ប្រសិនបើរូបគេអាចអភិវឌ្ឍសមត្ថភាពបានកាន់តែខ្លាំងជាងនេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម