Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង ការអភិវឌ្ឍ ក្រសួងមុខងារសាធារណៈបំពេញបន្ថែម

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្ដែងការអបអរសាទរចំពោះសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងមុខងារសាធារណៈបំពេញបន្ថែមនាឪកាសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងមុខងារសាធារណៈ ដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខន្តិកៈរបស់សមាគម ឬការបំពេញបន្ថែមសមាសភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានបន្តទៀតថា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការជាស្រ្តី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពិសេសការបង្កើនបរិមាណ សមត្ថភាព និងភាពអង់អាចក្លាហានដល់ស្ត្រី។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន ១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ២៣៥,២៩៥នាក់ គឺស្មើនឹង ចំនួន ៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ មានចំនួន ១២,៣៤២នាក់ គឺស្មើនឹងចំនួន ២៦%។

ឆ្លៀតក្នុងឱកាសនោះ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តនឹករលឹក និងការគិតគូរដល់នារីគ្រប់លំដាប់ថ្នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវ ឆាយ ថងឌី ហ៊ុន ម៉ានី ដែលត្រូវបានតែងតាំងជា អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងមុខងារសាធារណៈ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានមតិផ្តាំផ្ញើដល់លោកជំទាវ និងថ្នាក់ដឹកនាំ សមាសភាពដែលទើបតែទទួលបានការកែសម្រួល និងបំពេញបន្ថែមថ្មី ដូចតទៅ ៖ ទី១.ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថូរបន្ថយស្ថានការណ៍នៅតាមព្រំដែន និងនាំទៅរកភាពប្រក្រតីភាពវិញ។ ទី២.ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឲ្យបានខ្ជាប់ខ្ជួន។ ទី៣.ខិតខំការពារផលប្រយោជន៍ស្ត្រីដោយយកចិត្តទុកដាក់ និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ ទី៤.ពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ពិសេសពាក់ព័ន្ធនឹងព័ត៌មានវិទ្យា។ ទី៥.ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន និងខិតខំចលករធនធានថវិកាសម្រាប់គាំទ្រដល់សកម្មភាពនារី។ ទី៦.ផ្សារភ្ជាប់ផែនការសកម្មភាពសាខាសមាគមនារីជាមួយកិច្ចការស្នូលរបស់ក្រសួង។ ទី៧.ប្រធានកិត្តិយស និងប្រធានប្រតិបត្តិសាខាសមាគមនារី ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ ដើម្បីជាកម្លាំងចលករក្នុងការសម្រេចបានរាល់ភារកិច្ចដែលសមាគមប្រគល់ជូន។ ទី៨.ត្រូវសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្ពស់ និងរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម