Connect with us

កីឡា

បើក​ឆាក​ប្រកួតដំបូង​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ​ក្រោយ​ឈ្នះ​ម្ចាស់​ហ្វីលីពីន ៣-២​

បានផុស

នៅ

បើក​ឆាក​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​​ពូល​ A នៃ​ពាន​រង្វាន់​ SEA V CUP ដែល​មាន​ក្រុម​បាល់ទះ​ជម្រើស​រើស​ជាតិ​កម្ពុជា​ ឥណ្ឌូណេស៊ី​ និង​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​បាន​បញ្ចប់​មួយ​ប្រកួត​ហើយ​ ខណៈ​អ្នក​គាំទ្រ​កម្ពុជា​មិន​បាន​ខក​ចិត្ត​ដូច​មុន​​ និង​អបអរ​សាទរ​ជា​ខ្លាំង​ចំពោះ​ជ័យជម្នះ​ល្ងាច​មិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ប្រកួត​ដំបូង​នេះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ​ និង​នាំ​ភាព​រីករាយជូន​ដល់​អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ការ​ប្រកួត​តាម​ការ​ឡាយ​របស់​សហព័ន្ធ​។​ ការ​ប្រកួត​បើ​ទោះ​ជា​ប្រដេញ​គ្នា​រហូត​ដល់​ ៥សិត​មែន​ ប៉ុន្តែ​រវាង​ក្រុម​ទាំង​ពីរ​មិន​ថា​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ និង​កម្ពុជា​នោះ​ទេ​សុទ្ធតែ​ប្ដូរផ្ដាច់​ដើម្បី​ស្វែង​រក​ជ័យជម្នះ​រៀងៗ​ខ្លួន​ល្ងាច​មិញ​នេះ។​

លទ្ធផល​ឈ្នះ​មែន​តែ​ក្រុម​កម្ពុជា​មើល​ឃើញ​ថា​លេង​មិន​ទាន់​ត្រូវ​គ្នា​ទាំង​ស្រុង​នោះ​ទេ។ ​នេះ​អាច​ដោយ​សារ​តែ​ទើប​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​មាន​ពេលវេលា​តិច​ ​មាន​កីឡាករ​ទើប​ចូល​ថ្មី​ និង​កីឡាករ​មួយ​ចំនួន​ខាន​លេង​ជា​មួយ​គ្នា​យូរ​ផង។ យ៉ាងណា​លទ្ធផល​ឈ្នះ​ហ្វីលីពីន​ ៣-២​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ភាព​សប្បាយ​រីករាយ​ និង​​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លៀត​ពេល​តាមដាន​ក្នុង​ព្រឹត្តិការណ៍​ Sea V Cup ​នេះ។

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​នៅ​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​នេះ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ដោយ​លទ្ធផល​ ៣-២។​ នៅ​ថ្ងៃ​ស្អែក​នេះ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដោយ​ប៉ះ​ជើង​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​គឺ​ ឥណ្ឌូណេស៊ី។​ ចំណែក​ការ​ប្រកួត​នៅ​ពូល​ B​ នោះ​ក៏​មាន​មួយ​ប្រកួត​ដែរ​គឺ ​ថៃ​ ​យក​ឈ្នះ​ វៀណតាម​ ដោយ​លទ្ធផល​ ៣-១ ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម