ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងរដ្ឋបាលស្រុកបន្ទាយស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់យុវជនទូទាំងប្រទេស ជាពិសេសសិស្សានុសិស្សនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយការទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់លើការចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ហើយត្រូវជៀសវាងការចែកចាយបន្តនូវព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីរួមចំណែកបន្សល់ទុកនូវគំរូល្អក្នុងការចែករំលែកតែព័ត៌មានពិត ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍសង្គមជាតិ។

លោកអំពាវនាវដូច្នេះថា «សិស្សានុសិស្សរបស់យើង ដែលមានវត្តមានយ៉ាងច្រើនក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវចូលរួមប្រើប្រាស់បណ្តាញទាំងនេះប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យសិស្សទាំងអស់គ្នា បន្សល់ទុកនូវគំរូល្អតាមរយៈការចែករំលែកព័ត៌មានមានប្រយោជន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ក៏ដូចជាបង្កើនចំណេះដឹងសម្រាប់ខ្លួនឯង និងក្មេងជំនាន់ក្រោយ»។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងឌីជីថលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងនៅទីក្រុង និងជនបទ។

សិស្សវិទ្យាល័យបន្ទាយស្រីប្រមាណ ១,០០០នាក់ បានបង្ហាញការគាំទ្រ និងសន្យាថា នឹងប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់ការសិក្សា និងមិនចែកចាយព័ត៌មានមិនច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមឡើយ។

គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


