Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ៨នាក់ ពាក់ព័ន្ធគ្រឿងញៀនបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបានបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី

បានផុស

នៅ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ហើយបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនសង្ស័យទាំង ៩នាក់ មានអាយុចន្លោះពី ១៧ ដល់ ៤២ឆ្នាំ ហើយសុទ្ធសឹងមានទីលំនៅបច្ចុប្បន្ននៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖ យ៉េង សុខឃា អាយុ ៣៥ឆ្នាំ, ម៉ន ម៉ង់ អាយុ ៣១ឆ្នាំ, ខៀវ ប៊ុនថុន អាយុ ៤២ឆ្នាំ, សូ សូណូ អាយុ ១៧ឆ្នាំ, ធី ជីវៈ អាយុ ៣០ឆ្នាំ, ហឿន ហេង អាយុ ១៧ឆ្នាំ, ជិន សីហា អាយុ ១៨ឆ្នាំ និង ជៀវ វែងចិត្រ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច, ទូរសព្ទដៃ ២គ្រឿង (ម៉ាក TECNO ពណ៌ខ្មៅ ១គ្រឿង និងម៉ាក OPPO ពណ៌ខៀវ ១គ្រឿង), ឧបករណ៍ប្រើប្រាស់ និងកែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន, កាំបិត ២ដើម និងកាំភ្លើងកែច្នៃ ២ដើម។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាន ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាគតរបស់យុវជន។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់ និងលុបបំបាត់បញ្ហានេះនៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម