ព័ត៌មានជាតិ
រោងចក្រផ្គុំដំឡើងរថយន្ត មានម្ចាស់វិនិយោគដោយជនជាតិខ្មែរ ១០០% បើកការដ្ឋានសាងសង់នៅកម្ពុជា មានសមត្ថភាពដំឡើងបាន ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KNN Group បានបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ ម៉ឺនគ្រឿងក្នុងមួយឆ្នាំសម្រាប់ផ្កត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើបរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

លោកថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។
ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើងនិងគ្រប់គ្រងភាគហ៊ុន ១០០% ដោយជនជាតិខ្មែរ។
គម្រោងសាងសង់រោងចក្រដំឡើងរថយន្ត JETOUR របស់ក្រុមហ៊ុន KNN GROUP ក្រោមទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។


រោងចក្រនេះមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះ មានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទរួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ។
ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។
ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿង មុនពេលបញ្ជូនទៅដល់ដៃអតិថិជន។
អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KNN GROUP នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបញ្ជាក់ថា ការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេស ដល់យុវជនខ្មែរជំនាន់ក្រោយ។
លើសពីនេះគឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់យុវជនកម្ពុជា។
មកដល់ពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១១ ក្រុមហ៊ុន និងកំពុងដំណើរការមានចំនួន ៨ ក្រុមហ៊ុន។
ថ្លែងក្នុងពិធីសម្ពោធការផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តទាំង ១១ មានទុនវិនិយោគសរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ១ ៣៦៥ កន្លែង។
លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា រថយន្តដែលបានផ្គុំ និងដំឡើងនៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១៧៣ ៤៧៣ គ្រឿង និងមានតម្លៃសរុបប្រមាណ ១.១ប៊ីលានដុល្លារអាមេរិក៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


